ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី ២៣-០២-២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ (ថ្ងៃទី០១ទី០២ ខែ០២ ឆ្នាំ២០២០) និង ប្រកាសទទួល ស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសដែលមានសមាជិក ចូលរួមសរុបចំនួន ៧៦៤នាក់ ( សមាជិកថ្មី១០៧នាក់ ក្នុងនោះយុវជនទើបគ្រប់អាយុ ៨៧នាក់ និងប្តូរនិន្នាការពី គណបក្សផ្សេងចំនួន២០នាក់) ។

ដូចទម្លាប់កន្លងមក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាននាំយកអាហារសម្រន់រួមមាន នំប៉័ងដាក់សាច់ ទឹកអំពៅ ទឹកសុទ្ធ ចែកជូនដល់សមាជិក សមាជិកាចូលរួមក្នុងអង្គពិធី ទាំងអស់បរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងបានផ្តល់ជូន ដល់សមាជិកទើបប្រកាសថ្មីទាំងអស់ ក្នុងម្នាក់ៗ ទទួលបានអាវ១ មួក១ និងថវិកា ២ម៉ឺនរៀល ។

ព្រមជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ជូនដោយផ្ទាល់នូវអំណោយដែលឧត្តមសេនីយ៍ឯក បានឧបត្ថម្ភជាប្រចាំរៀងរាល់ខែ ជូនដល់ទុរគតជន១៦គ្រួសារ រួមមានថវិកាសរុប ២លាន៤០ម៉ឺនរៀល និងអង្ករ២៨ការ៉ុង ព្រមទាំងបានឧបត្ថម្ភថវិកាជូនក្រុមការងារយុវជនក្នុងសង្កាត់ ព្រែកកំពឹសដែលមកចូលរួម ក្នុងអង្គពិធី អង្គភាព សាខាបក្សទាំង១០និង បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០ដុល្លារ តាមការសន្យារបស់ឯកឧត្តមចំពោះគ្រួសារសពលោក ប៉ាន់ ប៉ន អតីតៈចៅសង្កាត់ រងទី១ សង្កាត់ព្រែកកំពឹស សម្រាប់បង់ថ្លៃសិក្សា ដល់យុវនិស្សិតឈ្មោះ សល់ ធា ដែលត្រូវជាចៅរបស់ សពទៀតផង ៕

To Top