ភ្នំពេញ៖ ក្រោយសង្កេតឃើញ ពីភាពអសកម្មរបស់មន្រ្តីមួយចំនួន ក្នុងក្រសួងនានានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងមានកែសម្រួលគណៈរដ្ឋមន្រ្តីឡើងវិញ នាពេលដ៏ខ្លីខាងមុខ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា “ខ្ញុំគ្រាន់តែឲ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តី ក្នុងពេលខាងមុខមិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្ដីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេសនិងនវានុវត្តន៍។ ពេលនោះយើង ត្រូវបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនោះ ក៏នៅតែឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដដែលទេ ប៉ុន្តែអាចមានក្រសួងមួយចំនួន ត្រូវបានកែសម្រួល។ ខ្ញុំគ្រាន់តែឲ្យសញ្ញា ព្រោះការត្រូវការកែសម្រួល ជារឿងធម្មតាណាស់”៕