ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា សាទរដែលរាជរដ្ឋាភិបាល ប្រកាសផ្ដល់ប្រាក់ ៦០ភាគរយ នៃប្រាក់ខែគោល ជូនកម្មករណាដែលត្រូវព្យួរការងារ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានថ្លែងអំណរគុណនិងសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសជួយ សម្រាលបន្ទុកបងប្អូនកម្មករ ដែលត្រូវព្យួរការងារ ក្នុងគ្រាដែលបណ្ដារោងចក្រមួយចំនួន ជួបបញ្ហាចង្វាក់ផលិតកម្ម ប្រឈមនឹងការខ្វះវត្ថុធាតុដើម។

ការសាទរពីសំណាក់ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បែបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសក្នុងពិធីថ្លែងសារជូនជនរួមជាតិ អំពីស្ថានការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា រោងចក្រទាំងឡាយណា ដែលត្រូវបិទទ្វារមួយរយៈ ដោយសារអស់វត្ថុធាតុដើមពីចិន ត្រូវបង់ប្រាក់៤០ភាគរយ នៃប្រាក់ខែគោល១៩០ដុល្លារជូនកម្មករ ហើយរដ្ឋាភិបាល នឹងជួយចេញបន្ថែម២០ភាគរយទៀត ជូនកម្មករ ដូច្នេះបងប្អូនកម្មករនឹងទទួលបានប្រាក់ សរុប៦០ភាគរយ។ ថ្លែងនៅក្នុងពិធីនោះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសដែរថា រដ្ឋាភិបាលនឹងជួយរកការងារជូនកម្មករណា ដែលបាត់បង់ការងារ នៅក្នុងកាលៈទេសៈនេះ។

បើតាមលោក ប៉ាវ ស៊ីណា ការដែលរាជរដ្ឋាភិបាលប្រកាសធ្វើបែបនេះ គឺជាការរួមចំណែក ជួយសម្រាលបន្ទុកចំណាយផ្សេងៗ របស់បងប្អូនកម្មករបានមួយកម្រិត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលនឹងរកការងារ ឲ្យកម្មករនិយោជិតធ្វើ បើសិនជារោងចក្រណាមួយបិទឬ ព្យួរការងារជាបណ្តោះអាសន្ន ដោយសារជំងឺកូរ៉ូណា (COVID19)។

សម្តេចតេជោបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាល មិនឱបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ ក្មួយៗជាកម្មនិយោជិតមួយចំនួន បាត់បង់ការនិងកំណើន សេដ្ឋកិច្ចធ្លាក់ចុះនោះឡើយ»។

សម្តេចបន្ថែមថា ថ្ងៃនេះរដ្ឋាភិបាល បានចេញវិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីគ្រប់គ្រងផលប៉ះពាល់ នូវវិស័យមួយចំនួន ក្នុងគោលដៅធានាលំនឹងសេដ្ឋកិច្ច និងសង្គម។ ការដាក់ចេញនូវវិធានការទាំងអស់នេះ រាជរដ្ឋាភិបាល បានគិតគូររាល់គ្រប់ទិដ្ឋភាព សំដៅជួយដល់តួអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើន នៅតាមវិស័យ ដែលមានសក្តានុពលផង។ វិធានការទាំងនោះរួមមាន៖ ទី១.ជួយដល់ក្រុមហ៊ុន ដែលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តបានក្នុងបរិបទដ៏លំបាកនេះ។ ទី២. ជួយដល់កម្មករក្នុងករណី ដែលបាត់បង់ឬព្យួការងារ ឲ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួន សម្រាប់អនាគត និងទី៣.ជួយទ្រទ្រង់ ដល់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

សម្តេចតេជោបានលើកឡើងថា វិធានការដែលដាកចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ ចំពោះមុខប៉ុណ្ណោះទេ តែជាវិធានការជួយលើកស្ទួយដល់វិស័យទាំងនោះ នៃសេដ្ឋកិច្ចជាតិទាំងមូល នៅពេលដែលជំងឺកូវីដឆ្លងផុតទៅ។

សម្តេចបញ្ជាក់ថា៖«ជំងឺកូវីដ១៩ បញ្ហាផ្សេងៗទៀត មិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ និងហួសហេតុដល់សេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា នោះគឺជំងឺភ័យខ្លាច ដែលមានការឃោសនាពីជនអគតិមួយចំនួន ដែលមានបំណងបង្កភាពចលាចលក្នុងសង្គមជាតិ ដើម្បីប្រយោជន៍របស់ខ្លួន។ ជាការពិតមូលដ្ឋានសេដ្ឋកិច្ច នៅបន្តមានភាពរឹងមាំ ដូច្នេះខ្ញុំស្នើដល់វិនិយោគិន ទាំងជនជាតិកម្ពុជា និងបរទេស មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមអនុវត្ត លើកវិធានការនេះឲ្យសកម្ម»។

សម្តេចបានគូសបញ្ជាក់ទៀតថា៖ «ចំពោះក្មួយៗដែលជាកម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលធានារកការងារជូន ប្រសិនបើជួបប្រទះ នូវបញ្ហាបាត់បង់ការងារ។ ក្នុងករណីដែលក្មួយៗ មិនចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាស ក្នុងការបង្កើនការងាររបស់ខ្លួន ក្មួយៗអាចចូលរួម និងទទួលការបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួងពាក់ព័ន្ធ ដោយទទួលបានប្រាក់យ៉ាងសមរម្យ»៕

To Top