ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ៖ បើសិនស្រ្តីជនជាតិអាមេរិក គ្មានផ្ទុកមេរោគCovid19ទេ រដ្ឋាភិបាលម៉ាឡេស៊ី ត្រូវក្លាហានសុំទោសប្រជាពលរដ្ឋ និងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិតទៅកាន់ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវតែក្លាហានសុំទោសប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ព្រោះការប្រកាសរបស់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ីអំពីស្រ្តីវ័យ៨៣ ជាជនជាតិអាមេរិកាំង ដែលជាអ្នកធ្វើដំណើរទេសចរណ៍ តាមនាវាWesterdam បានចូលចតនៅកំពង់ផែព្រះសីហនុ ថាមានផ្ទុកមេរោគCovid19 ក្រោយចាកចេញពីប្រទេសកម្ពុជានោះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ប្រទេសកម្ពុជាយ៉ាងខ្លាំង។

សូមរំលឹកថា ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលចាកចេញពីនាវា ហោះចេញពីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា មានផ្ទុកវីរុសកូរ៉ូណា ក្រោយមកក៏ចេញមកបញ្ជាក់ឡើងវិញថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគ Covid-19 ។

តាមរយៈលិខិតរបស់ខ្លួន នៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា សុំបង្ហាញភស្តុតាង អំពីការពិនិត្យឃើញមេរោគCovid19 លើខ្លួនស្រ្តីវ័យ៨៣ឆ្នាំ ជនជាតិអាមេរិកាំង ដែលជាអ្នកធ្វើដំណើរទេសចរណ៍ តាមនាវាWesterdam បានចូលចតនៅកំពង់ផែព្រះសីហនុ និងសូមធ្វើការបង្ហាញពីបច្ចេកទេស ព្យាបាលមេរោគCovid19 យ៉ាងឆាប់រហ័សលើស្រ្តីរូបនោះជាសាកល ដើម្បីឲ្យប្រទេសផ្សេងៗទៀត រៀនតាមនិងទប់ស្កាត់កុំឲ្យមេរោគCovid19 វាយលុកលើមនុស្សលោក។

តាមរយៈលិខិតដដែល លោក ពេជ្រ ស្រស់ បញ្ជាក់ថា “បើសិនស្រ្តីរូបនោះ គ្មានផ្ទុកមេរោគCovid19ទេ សូមរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ត្រូវតែក្លាហានសុំទោសប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដោយហេតុថា ការប្រកាសរបស់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី អំពីស្រ្តីវ័យ៨៣ ជាជនជាតិអាមេរិកាំង ដែលជាអ្នកធ្វើដំណើរទេសចរណ៍ តាមនាវាWesterdam បានចូលចតនៅកំពង់ផែព្រះសីហនុ ថាមានផ្ទុកមេរោគCovid19 ក្រោយចាកចេញពីប្រទេសកម្ពុជានោះ គឺថ្វើឲ្យប៉ះពាល់កិត្តិយស របស់ប្រទេសកម្ពុជាយ៉ាងខ្លាំង និងប៉ះពាល់ទៅដល់សតិអារម្មណ៍ របស់ប្រជាជនកម្ពុជា ព្រមទាំងអ្នកធ្វើដំណើរទេសចរណ៍ ដែលមានចំនួនសរុប ៤១ជាតិសាសន៍ដទៃទៀត យ៉ាងធ្ងន់ធ្ងរបំផុត”៕

To Top