ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឲ្យលោក ប្រាក់ សុខុន កោះហៅទូតម៉ាឡេស៊ី ទៅបំភ្លឺលើករណី រកឃើញស្ត្រីជនជាតិអាមេរិក មានផ្ទុកជំងឺ Covid-19

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ កោះហៅឯកអគ្គរាជទូតម៉ាឡេស៊ី ទៅបំភ្លឺលើករណីរកឃើញ ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ មានផ្ទុកវីរុសកូរ៉ូណា ។

សូមរំលឹកថា ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលចាកចេញពីនាវា ហោះចេញពីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ត្រូវបានលោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា មានផ្ទុកវីរុសកូរ៉ូណា ក្រោយមកក៏ចេញមកបញ្ជាក់ឡើងវិញថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគ Covid-19 ។

ទាក់ទិនករណីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិត ទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវតែក្លាហានសុំទោសប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ព្រោះការប្រកាសរបស់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ីអំពីស្រ្តីវ័យ៨៣ ជាជនជាតិអាមេរិកាំង ដែលជាអ្នកធ្វើដំណើរទេសចរណ៍ តាមនាវាWesterdam បានចូលចតនៅកំពង់ផែព្រះសីហនុ ថាមានផ្ទុកមេរោគCovid19 ក្រោយចាកចេញពីប្រទេសកម្ពុជានោះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ប្រទេសកម្ពុជាយ៉ាងខ្លាំង។

តាមរយៈលិខិតរបស់ខ្លួន នៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា សុំបង្ហាញភស្តុតាង អំពីការពិនិត្យឃើញមេរោគCovid19 លើខ្លួនស្រ្តីវ័យ៨៣ឆ្នាំ ជនជាតិអាមេរិកាំង ដែលជាអ្នកធ្វើដំណើរទេសចរណ៍ តាមនាវាWesterdam បានចូលចតនៅកំពង់ផែព្រះសីហនុ និងសូមធ្វើការបង្ហាញពីបច្ចេកទេស ព្យាបាលមេរោគCovid19 យ៉ាងឆាប់រហ័សលើស្រ្តីរូបនោះជាសាកល ដើម្បីឲ្យប្រទេសផ្សេងៗទៀត រៀនតាមនិងទប់ស្កាត់ កុំឲ្យមេរោគCovid19 វាយលុកលើមនុស្សលោក។

តាមរយៈលិខិតដដែលលោក ពេជ្រ ស្រស់បញ្ជាក់ថា “បើសិនស្រ្តីរូបនោះ គ្មានផ្ទុកមេរោគCovid19ទេ សូមរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ត្រូវតែក្លាហានសុំទោសប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដោយហេតុថា ការប្រកាសរបស់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី អំពីស្រ្តីវ័យ៨៣ ជាជនជាតិអាមេរិកាំង ដែលជាអ្នកធ្វើដំណើរទេសចរណ៍ តាមនាវាWesterdam បានចូលចតនៅកំពង់ផែព្រះសីហនុថា មានផ្ទុកមេរោគCovid19 ក្រោយចាកចេញពីប្រទេសកម្ពុជានោះ គឺថ្វើឲ្យប៉ះពាល់កិត្តិយស របស់ប្រទេសកម្ពុជាយ៉ាងខ្លាំង និងប៉ះពាល់ទៅដល់សតិអារម្មណ៍ របស់ប្រជាជនកម្ពុជា ព្រមទាំងអ្នកធ្វើដំណើរទេសចរ ដែលមានចំនួនសរុប ៤១ជាតិសាសន៍ដទៃទៀត យ៉ាងធ្ងន់ធ្ងរបំផុត”។

ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសជូនជនរួមជាតិ ទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ ចំពោះឥរិយាបថ របស់លោកស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលបានចេញមកប្រកាសថា ស្ត្រីជនជាតិអាមេរិក អាយុ ៨២ឆ្នាំម្នាក់ មានឆ្លងវីរុសកូរ៉ូណាថ្មី ។

សម្ដេចថា បញ្ហានេះបានដាក់បន្ទុកឲ្យយើង នូវការខាតបង់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ។ អ្នកខ្លះគិតថា រឿងនេះជារឿងស្រាល ប៉ុន្តែពលរដ្ឋកម្ពុជា មិនចាត់ទុកថា រឿងនេះជារឿងស្រាលនោះទេ ។ ពាក់ព័ន្ធបញ្ហានេះសម្ដេចតេជោ ក៏បានកោតសរសើរលោក ពេជ្រ ស្រស់ ដែលបានសរសេរលិខិត ទៅស្ថានទូតម៉ាឡេស៊ី ឲ្យធ្វើការបកស្រាយ ហើយនេះក៏ជារឿងត្រឹមត្រូវ ក្នុងនាមជាប្រធានគណបក្សមួយ ដែលទទួលខុសត្រូវចំពោះជោគវាសនា ប្រទេសជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «តើមូលហេតុអីបានចេញរឿងនេះមក ម៉ាឡេស៊ីត្រូវទទួលខុសត្រូវ ចំពោះបញ្ហាវិបត្តិមនុស្សធម៌មួយនេះ ហើយនិងកិត្តិយសរបស់កម្ពុជា នេះមិនមែនជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងទេ នៅពេលដែលបានទទួលព័ត៌មាននេះ ទន្ទឹមនឹងក្មួយស្រីម្នាក់ បានផុសថា គ្រាន់តែទទួលព័ត៌មានពីកូឡាឡាំពួរ ចង់អួលចេក ហើយខ្ញុំក៏បានចូលទៅ ខមមិនក្នុងនោះថា បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលនេះចេញ ព្រោះជាការធ្វើការខ្ជីខ្ជា ខ្វះការទទួលខុសត្រូវ ដែលប៉ះពាល់ទៅដល់ ៤១សញ្ជាតិដែលមកពី ៤១ប្រទេស ក្នុងនោះកម្ពុជា ទទួលផលប៉ះពាល់ធ្ងន់ ។ ខ្ញុំមិនមែនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងម៉ាឡេស៊ីទេ ប៉ុន្តែខ្ញុំក៏អាចនិយាយបានថា លទ្ធភាពប្រែប្រួលសម្ព័ន្ធភាព នៅក្នុងប្រទេសម៉ាឡេស៊ី ថ្ងៃនេះ និងថ្ងៃស្អែក អាចមកដល់ ព្រោះវាចាប់ផ្ដើមពីម្សិលមិញទៅហើយ» ។

សម្ដេចបន្ថែមថា រឿងផ្លាស់ប្ដូរសម្ព័ន្ធភាព ឬផ្លាស់ប្ដូររដ្ឋាភិបាលយ៉ាងណានោះ ជារឿងផ្ទៃក្នុងរបស់ម៉ាឡេស៊ី ក៏ប៉ុន្តែប្រទេសម៉ាឡេស៊ី តាមរយៈមនុស្សមួយចំនួន បានបង្កើតហេតុការណ៍ ដ៏ជូរចត់សម្រាប់កម្ពុជា ទម្រាំកម្ពុជាដណ្ដើមបានមកវិញនូវយុត្តិធម៌ តាមរយៈសេចក្ដីប្រកាសថា មនុស្សនេះអត់មានវីរុសកូរ៉ូណាទេ ។ សម្ដេចសង្ឃឹមថា នាយករដ្ឋមន្ត្រី Mahathir Mohamad នឹងអាចយោគយល់ ពីអារម្មណ៍មួយនេះ ប្រសិនបើគាត់ក៏គិតគូរ ទៅដល់ជាតិសាសន៍របស់គាត់ ។

សម្ដេចតេជោ ថ្លែងថា «ហើយសង្ឃឹមថា ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី នៅភ្នំពេញ សង្ឃឹមថា ឯកឧត្ដម ប្រាក់ សុខុន នឹងកោះហៅឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ទៅធ្វើការបំភ្លឺលើរឿងនេះ ព្រោះឥឡូវមួយកប៉ាល់ទាំងអស់ អត់មានអ្នកណាកើតជំងឺ COVID-19 សោះ ហើយអ្វីដែលសំខាន់ជាងនេះទៀត ប្ដីរបស់គាត់អត់ឆ្លង តែហេតុអីបានប្រពន្ធឆ្លង» ៕

To Top