ភ្នំពេញ៖ លោកអូនព័ន្ធ មុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការរីកចំរើនផ្នែកសេដ្ឋកិច្ចសង្គមជាតិ ត្រូវដើរទន្ទឹមគ្នានឹងការរីកចំរើនក្នុងវិស័យសិក្សារស្រាវជ្រាវ គ្រប់វិស ័យជាពិសេសវិស័យបច្ចេកវិទ្យា និងវិស័យអប់រំ។
ក្នងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូកលោកឌីមីទ្រី ធ្វេតហ្គូវ ឯកអគ្គរដ្ឋទូតសហភាពរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ដើម្បីជួយពង្រឹងនិងលើកតម្កើងនិងអភិវឌ្ឍធនធានពុទ្ធិនិងបញ្ញាញាណ រាជបណ្ឌិតសភាកម្ពុជាបានប្រមូលផ្ដុំ នូវធនធានបញ្ញាជនជាន់ខ្ពស់របស់ជាតិ និងរៀបចំបង្កើត ក្រុមប្រឹក្សាបណ្ឌិត្យសភា ឡើងដោយមាន សម្ដេចតេជោ
ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សា បណ្ឌិត្យសភាចារ្យនេះ។
លោកបន្តថា “ជាការពិតណាស់ ការរីកចំរើនផ្នែកសេដ្ឋកិច្ចក្នុងសង្គមជាតិកម្ពុជា ត្រូវការឱ្យទន្ទឹមគ្នានឹងការ រីកចំរើនក្នុងវិស័យ សិក្សារស្រាវជ្រាវគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា និងវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ”។
លោកមានជំនឿថា ក្រុមប្រឹក្សា បណ្ឌិត្យសភាចារ្យ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការសិក្សារស្រាវជ្រាវ និងផ្ដល់ធាតុចូលជូនរាជរដ្ឋាភិបាល ឱ្យស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាកចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
ក្នុងឱកាសនោះលោករដ្ឋមន្រ្តី លើកទឹកចិត្តដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តយកចិត្តទុកដាក់ពិនិត្យ វាយតម្លៃ និងជ្រើសរើសបេក្ខជនមានសមត្ថភាព មានចំណេះដឹងជ្រៅជ្រះនិងគុណវុឌ្ឍគ្រប់គ្រាន់ ទាំងក្នុងការអភិរក្ស និងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត សេដ្ឋកិច្ច សង្គម មនុស្សធម៌ ដើម្បីបញ្ចូលធ្វើជាសមាជិកបណ្ឌិតសភា នៃរាជបណ្ឌិតសភាកម្ពុជា សំដៅការព្រឹងសក្តានុពលរបស់ស្ថាប័នធនាគារខួរក្បាលនេះ ឱ្យរឹតតែខ្លាំក្លាថែមទៀត។
ជាមួយគ្នានេះដែរលោកក៏បាន កោតសរសើរចំពោះវត្តមាន សមាជិកកិត្តិយស នៃរាជបណ្ឌិត្យសភាដំបូងគេ គឺលោក ឌីមីទ្រី ធ្វេតហ្គូវ ដែលជាធនធានបញ្ញាជន និងជាឥស្សរជនជាន់ខ្ពស់នៃ សហភាពរុស្ស៊ី។លោកសង្ឃឹមថា សមាជិកកិត្តិយសទី១នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តរួមចំណែកជំរុញនិងការអភិវឌ្ឍវិស័យស្រាវជ្រាវ នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាពង្រឹកកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ទាំងផ្នែកវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ឱ្យស្របគ្នានិងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតីនិងសម្ភារៈ។
ក្នងឱកាសនោះដែរលោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សង្ឃឹមយ៉ាងម៉ុតមាំថា លោកឌីមីទ្រី ធ្វេតហ្គូវ ដែលជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តរួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជាដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង ការងារសិក្សាស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពទ្វេឡើង។
ជាការឆ្លើយតបលោកឌីមីទ្រី ធ្វេតហ្គូវ ឯកអគ្គរដ្ឋទូតសហភាពរុស្ស៊ីប្រចាំកម្ពុជានិងជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវការតាំងចិត្តនឹងរួមចំណែកពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអប់រំ ជាពិសេសលើកិច្ចការងារស្រាវជ្រាវ បែបវិទ្យាសាស្រ្ត រវាងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ីនានា នៃសហភាពរុស្ស៊ីផងដែរ៕
ដោយ៖ធី លីថូ