ព័ត៌មានជាតិ

នាយកបេឡាជាតិ របបសន្តិសុខសង្គម អញ្ជើញចូលរួម ប្រជុំពិភាក្សា ស្តីពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង សមាគមសន្តិសុខសង្គម អាស៊ាន និងសមាគម សន្តិសុខសង្គមអន្តរជាតិ នៅទីក្រុងហាណូយ

ហាណូយ៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយក នៃអង្គភាពសន្តិសុខសង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ស្តីពី “ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង សមាគមសន្តិសុខសង្គមអាស៊ាន និងសមាគមសន្តិសុខសង្គម អន្តរជាតិ”ដ៏សំខាន់មួយនេះ។

សមាសភាពនៃការចូលរួមនៃ កិច្ចប្រជុំរួមមានតំណាងសមាគមសន្តិសុខសង្គម អាស៊ាន, តំណាងសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA), អង្គភាពសន្តិសុខសង្គមនៃ ប្រទេសវៀតណាម, បេឡាជាតិរបបសន្តិសុខសង្គម នៃប្រទេសកម្ពុជា, តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO), តំណាងធនាគារពិភពលោក (WB), និងតំណាងអង្គការសុខភាព ពិភពលោក (WHO) ។

កិច្ចប្រជុំពិភាក្សាខាងលើផ្តោតសំខាន់ លើប្រធានបទមួយចំនួនដូចជា៖
១- ការទទួលស្គាល់នូវការតាំងចិត្តរបស់ ASSA ដើម្បីដាក់បញ្ចូលសកម្មភាពរបស់ ASSA ទៅក្នុងក្របខ័ណ្ឌសកម្មភាព ផ្លូវការរបស់អាស៊ាន ក្នុងគោលបំណង បង្រួបបង្រួមសកម្មភាពក្នុងតំបន់រួម ស្តីពីការអភិវឌ្ឍគោលនយោបាយ និងការអនុវត្តសន្តិសុខសង្គម។

២- ការចែករំលែកព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នក តំណាងអង្គភាពជាសមាជិក ASSA អាចចូលរួមឬរៀបចំសន្និសីទ និងសកម្មភាពនានានៅក្នុងឆ្នាំ ២០២០ ស្តីពី ខ្លឹមសារនៃសុខុមាលភាព និងសន្តិសុខសង្គមក្នុងក្របខ័ណ្ឌនៃសសរស្តម្ភ សង្គម និងវប្បធម៌របស់សហគមន៍អាស៊ាន។
៣- ជំរុញឱ្យសមាជិក ASSA ធ្វើសមាហរណកម្មសកម្មភាពនានា ដើម្បីសម្រេចបានគោលដៅសហស្សវត្សរ៍ដែលបានកំណត់ ដោយអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ក្នុងកំឡុងពេលនៃការចូលរួមកិច្ចប្រជុំ ខាងលើនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាក៏បាន ផ្តល់បទសម្ភាស៍ជាមួយទូរទស្សន៍ ជាតិវៀតណាម (VTV) ដែលពាក់ព័ន្ធទៅនឹងបទពិសោធន៍ ក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គម មួយចំនួននៅកម្ពុជា ទាំងនៅពេលបច្ចុប្បន្ន ក៏ដូចជានៅពេល អនាគតផងដែរ ៕

To Top