ភ្នំពេញ៖ ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត ។ឆ្លើយតបភ្លាមៗ ទៅកាន់មិត្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រើប្រាស់យន្តហោះ របស់ប្រទេសកម្ពុជានិងចិន ទៅដឹកជញ្ជូនវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់នៅកម្ពុជា ឲ្យបានលឿនបំផុត ដើម្បីបញ្ចៀសការ បិទរោងចក្របណ្ដោះអាសន្ន។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ នេះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាបានថ្លែងថា លក្ខណៈពិសេសបំផុត នៃមិត្តភាពជាប្រពៃណីកម្ពុជា-ចិន គឺស្ថិតនៅត្រង់ប្រទេសទាំងពីរ តែងតែជួយគាំទ្រ គ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខ ជាមួយគ្នា។ករណីវីរ៉ុសកូរ៉ូណា (កូវីដ១៩) ដែលបានផ្ទុះឡើង នៅប្រទេសចិន បានបញ្ជាក់ពីចំណុចមួយនេះ ទោះបីជំងឺមួយនេះ មានភាពកាចសាហាវ យ៉ាងណាក្ដីសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្ដីសម្រេចចិត្ត មិនជម្លៀសប្រជាពលរដ្ឋ មិនបញ្ឈប់ជើងហោះហើរ មិនរើសអើងប្រជាជនចិន បានផ្ដល់ទំនុកចិត្តជាមួយ ប្រជាជនចិនដើម្បី ពុះពារឧបសគ្គមួយនេះ។
លោកទូតចិនថ្លែងបន្តថាអ្វី ដែលធ្វើឲ្យយើងរំភើបចិត្តគឺសម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ច ជាបន្ទាន់នៅក្នុងប្រទេសចិន ដោយផ្អែកលើ សកម្មភាពជាក់ស្ដែង បានបញ្ជាក់ឲ្យឃើញ ពីការរួមសុខរួមទុក្ខ ជាមួយគ្នាដែលជាអត្ថន័យ គន្លឹះនៃជោគវាសនា រួមរវាងចិននិងកម្ពុជា។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី បានយកព្រះទ័យ ទុកដាក់ជាមួយប្រជាជនចិន ដែលកំពុងប្រយុទ្ធប្រឆាំង ជាមួយមេរោគកូរ៉ូណា មួយនេះ។ព្រះអង្គទាំងទ្វេក៏បានប្រោស ព្រះរាជទានព្រះរាជទ្រព្យ សម្រាប់គាំទ្រ ប្រជាជនចិន រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមផ្ដល់ជំនួយជាថវិកាសប្បុរសធម៌ និងសម្ភារជាច្រើនដល់ប្រជាជនចិនក្នុងការពុះពារឧបសគ្គមួយនេះ។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាថ្លែង សង្កត់ធ្ងន់ថា “ទោះបីជាជំងឺកូវីដ១៩មួយនេះ បានជះឥទ្ធិពលដល់ កិច្ចសហប្រតិបត្តិការ ចិននិងកម្ពុជា ក៏ប៉ុន្តែនៅពេលដែលជំងឺមួយនេះ មានភាពធូរស្រាល កិច្ចសហប្រតិបត្តិការចិន ជាមួយកម្ពុជា លើគ្រប់វិស័យ នឹងបញ្ចេញនូវកម្លាំង និងភាពរស់រវើកកាន់តែខ្លាំងក្លា ថែមទៀត។យើងក៏បានជ្រាបហើយថា ការបែងចែកខ្សែសង្វាក់ ផលិតកម្មសាកល មានភាពខុសគ្នា។ ៦០%នៃវត្ថុធាតុដើម របស់ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជាត្រូវបាននាំចូលពីចិន ដោយសារការទទួលរងផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជាបានប្រឈមមុខ ក្នុងបញ្ហាកង្វះខាតវត្ថុធាតុដើម។ ចំពោះបញ្ហាប្រឈមមួយនេះ ស្ថាប័នពាក់ព័ន្ធនៅប្រទេសចិន បានយកចិត្តទុកដាក់ លើបញ្ហាមួយនេះ និងកំពុងសម្រុះសម្រួល រកវិធានការគ្រប់បែបយ៉ាង ដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត។ សូមសម្ដេចតេជោ ទុកចិត្ត”។
ជាការឆ្លើយ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានថ្លែងបញ្ជាក់ថា “យើងអាចជួលយន្តហោះ ពីកម្ពុជាទៅដឹកវត្ថុធាតុដើមមក។ អត់មានដឹកភ្ញៀវទេ ដឹកតែសាច់ក្រណាត់មកតែម្ដង។ រោងចក្រមួយចំនួនដែលខ្វះ សាច់ក្រណាត់ ត្រូវពន្លឿនការដឹកជញ្ជូន។ ខ្ញុំគិតថាខ្ញុំផ្ដល់មតិម្ខាង គឺអាចដឹកជញ្ជូន តាមផ្លូវទឹក តែម្ខាងទៀត អាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម នៅកម្ពុជាសម្រាប់រោងចក្រមួយចំនួន ដើម្បីចៀសវាងនូវការបិទ។ ការបិទរោងចក្រនេះ នឹងធ្វើឲ្យកម្មករកម្មការិនី របស់កម្ពុជា បាត់បង់ការងារធ្វើ និយាយរួមផ្អាកការងារធ្វើ។ ពិតមែនហើយខ្ញុំបានប្រកាស ថ្ងៃមុនប្រសិនបើ មានការព្យួរការងារបណ្ដោះអាសន្ន បណ្ដាលមកពីខ្វះ វត្ថុធាតុដើម កម្មករ កម្មការិនីនឹងទទួល បានបៀវត្សរ៍៦០% ប្រមាណ១២០ដុល្លារ នៃចំនួនបៀវត្សរ៍អប្បបរមា ១៩០ដុល្លារ។ខ្ញុំមិនចង់ឲ្យមានរឿងហ្នឹង កើតឡើងទេយកល្អ ប្រញាប់ដោះស្រាយ វត្ថុធាតុដើម។ខ្ញុំគិតថាដំណោះស្រាយមួយ ដែលលឿន យន្តហោះចិន និងយន្តហោះកម្ពុជា បញ្ជួនទៅដឹកវត្ថុធាតុដើម ពីចិនមកផ្គត់ផ្គង់រោងចក្រ” ៕