ព័ត៌មានជាតិ

លោក ឃួង ស្រេង បើកកិច្ចប្រជុំជំរុញ ពន្លឿនការជួសជុល សំណង់ឡៅតឿ ផ្សារអូឫស្សី ដែលមានសភាពប្រេះស្រាំ

ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ ចំពោះបងប្អូនអាជីវករ ដែលបាននិងកំពុង ប្រកបរបររកស៊ី លក់ដូរ នៅក្នុងផ្សារអូឬស្សី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យ ការដ្ឋានជូសជុលសំណង់ ឡៅតឿផ្សារអូឫស្សី ដែលមានសភាព ប្រេះស្រាំ បើកដំណើរការ ឲ្យបានលឿន ដោយហេតុថា បើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ ដែលលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងកាលពី រសៀលថ្ងៃទី ២៥ កុម្ភៈនេះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបើកកិច្ចប្រជុំ គណៈកម្មការចំពោះកិច្វ ពិនិត្យផ្សារអូឬស្សី ហើយក្រោយ បញ្ចប់កិច្ចប្រជុំនោះ លោកអភិបាលរាជធានី ក៏បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យមើល ស្ថានភាពជាក់ស្តែង នៅក្នុងផ្សារអូរឬស្សីផងដែរ។

ក្នុងកិច្ចប្រជុំនោះ បានប្រកាសពីសមាសភាព គណៈកម្មការចំពោះកិច្ច ពិនិត្យផ្សារអូឬស្សី ដែលគណៈកម្មការនេះមានលោក ឃួង ស្រេង ជាប្រធាន និងមានអភិបាលរងរាជធានី៤រូប ជាអនុប្រធាន ដើម្បីជម្រុញការងារមួយចំនួន នៅក្នុងផ្សារនេះ រលូននិងល្អប្រសើរ ទាំងការជួសជុលផ្សារ ការរៀបចំតូបលក់ដូរបណ្តោះអាសន្ន ខណៈតូបលក់ដូរមួយចំនួន ធ្វើការជួសជុលកែលម្អរឡើងវិញ ជាមួយនិង ការវិនិយោគផ្សេងៗទៀត។

តូបលក់ដូរ បណ្តោះអាសន្ន សម្រាប់បងប្អូនអាជីវករ ផ្សារអូរឬស្សី ដែលត្រូវជួលជុលតូប ក្នុងផ្សារនេះ មានទីតាំងនៅលើ បណ្តោយផ្លូវ១១១ ជាប់ខាងកើតផ្សារអូរឬស្សីនេះ តែម្តង ដោយមកដល់ពេលនេះ ការសាងសង់តូប លក់ដូរបណ្តោះអាសន្ននេះស្ទើររួចរាល់១០០ភាគរយហើយ ហើយអ្វីដែលជាគម្រោងនៅថ្ងៃទី០៥មិនា ២០២០ខាងមុខនេះអាជីវករអាច មកលក់ដូរបានហើយ ដែលមានតូបចំនួន១៧០តូប។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាល រាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែធ្នូ ២០១៩នេះ បានបញ្ជាក់ថារបច្ចុប្បន្ន សំណង់អាគារផ្សារអូរប្ញស្សី មានលក្ខណៈរឹងមាំ និងមានគុណភាព ប្រើប្រាស់យូរអង្វែង ដោយឡែក តែសំណង់ឡៅតឿ ប៉ុណ្ណោះ ដែលមានសភាពបែកប្រេះស្រាំ ដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្ក គ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ លក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ។ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាង រាល់ហានិភ័យ ដែលកើតមានឡើង ជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករ ដែលកំពុងលក់ដូរ នៅលើឡៅតឿក្រោម ឡៅតឿ និងជុំវិញបរិវេណ ទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរ ជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លីទៅទីតាំងថ្មី នៅក្រៅផ្សារតាម កាលបរិច្ឆេទ ដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈ ឱ្យក្រមការងារ បច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញ ជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឱ្យបងប្អូនអាជីវករ បានត្រឡប់ចូលមក លក់ដូរនៅកន្លែងដើមវិញ ប្រកបដោយសុវត្ថិភាព និងសោភណភាព ៕

To Top