នយោបាយ

មេសហជីព ចាត់ទុកវិធានការ របស់ទូតចិននិងប្រមុខរាជរដ្ឋាភិបាល លើការស្រោចស្រង់ វិស័យកាត់ដេរ នៅកម្ពុជា ជារឿងដែលល្អបំផុត

ភ្នំពេញ៖ បន្ទាប់ពីលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុង សម្រុះសម្រួល រកគ្រប់វិធានការ ដើម្បីនាំយកវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់ នៅតាមបណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលជួបវិបត្តិខ្វះវត្ថុធាតុដើម ក្នុងការផលិតនោះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានសម្ដែងការអបអរសាទរ ចំពោះដំណឹងដ៏ល្អនេះ និងចាត់ទុកថាជារឿងមួយ ដែលល្អបំផុត សម្រាប់ម្ចាស់ រោងចក្រនិងកម្មករ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៦កុម្ភៈនេះថា “ការប្រើប្រាស់ជើងហោះហើរ ដើម្បីទៅដឹក សម្ភារៈវត្ថុធាតុ ដើមពីចិន សម្រាប់យកមកផ្គត់ផ្គង់ចង្វាក់ ផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា គឺជាមធ្យោបាយល្អមួយ ហើយចំណេញពេលវេលាទៀតផង តែត្រូវចំណាយ ថវិកាខ្ពស់ជាង ការដឹកជញ្ជូនតាមនាវា ។ សំខាន់ក្នុងកាលៈទេសៈនេះ ធ្វើយ៉ាងណា អោយរោងចក្រ អាចដំណើរការផលិតកម្មរបស់ខ្លួនបានគឺជារឿងដែលល្អបំផុត ហើយកម្មករក៏អាចមានការងារធ្វើ មិនសូវប្រឈមនិងការខ្វះការងារធ្វើដែរ”។

ស្របពេលដែល តាមបណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បី ផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជាស្ថិតក្នុង កម្រិតទាបបំផុត ។ឆ្លើយតបភ្លាមៗ ទៅកាន់មិត្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំឲ្យ ម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រើប្រាស់យន្តហោះ របស់ប្រទេសកម្ពុជានិងចិន ទៅដឹកជញ្ជូនវត្ថុធាតុដើម ពីប្រទេសចិន មកផ្គត់ផ្គង់នៅកម្ពុជាឲ្យបានលឿន បំផុតដើម្បីបញ្ចៀស ការបិទរោងចក្រ បណ្ដោះអាសន្ន៕

To Top