នយោបាយ

ដរាបណា គណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាច នឹងមិនយកពន្ធលើដី កសិកម្ម១០០ឆ្នាំទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែ កុម្ភៈ នេះបានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាចនឹងមិនយកពន្ធ លើដីកសិកម្ម១០០ឆ្នាំទៀត ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “រដ្ឋបង្កលក្ខណៈគ្រប់បែបយ៉ាង រាប់ទាំងការមិនយកពន្ធលើដីស្រែ ដីចំការរបស់ប្រជាពលរដ្ឋរបស់យើង នោះក៏ជាចំណែកមួយនៃការអនុវត្តន៍គោលនយោបាយដីធ្លីចំពោះកសិករ។ខ្ញុំព្រះករុណា ខ្ញុំនៅតែបន្តប្រកាសថា រយៈពេល៤១ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធលើដីកសិកម្មនោះទេ ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជា កាន់អំណាច១០០ឆ្នាំទៀត ក៏យើងនៅតែបន្តមិនយកពន្ធលើដីកសិកម្មដែរ”។

សម្ដេចបន្តថា នៅពិភពលោកនេះ មានប្រទេសតិចតួចណាស់ ដែលមិនយកពន្ធដី ពីប្រជាពលរដ្ឋ ។

សម្ដេចក៏បានរំលឹកពីអតីតកាល ដែលកម្ពុជាត្រូវបានយកពន្ធដីពីសំណាក់អាណានិគមនិយមបារាំង ដែលឈានដល់មានការផ្ទុះកំហឹង ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង រហូតបណ្ដាលឲ្យមានការវាយសម្លាប់ ជនជាតិបារាំងម្នាក់ ដែលនាំឲ្យមានភូមិមួយជាប់ឈ្មោះ ជា”ភូមិតិរិច្ឆាន” រហូតដល់សព្វថ្ងៃនេះ៕ដោយ៖ បាន ធារ៉ូ

To Top