ព័ត៌មានជាតិ

សម្ដេចក្រឡាហោមស ខេង គាំទ្រឲ្យដាក់បញ្ចូល ការប្រមូលពន្ធឱ្យ នៅក្រោមការគ្រប់គ្រង របស់ច្រកចេញចូលតែមួយ

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ គាំទ្រចំពោះការចង់ បានរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលចង់ឱ្យការប្រមូលពន្ធ ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ច្រកចេញ តែមួយ។

សម្ដេចក្រឡាហោម បង្ហាញការគាំទ្របែបនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាល ខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថែមទៀតថា មិនត្រឹមតែការប្រមូលពន្ធនោះទេ សម្តេចចង់ឱ្យការធ្វើអត្រានុកូល ដ្ឋាន ផងដែរនៅក្រោមការគ្រប់គ្រងរបស់ច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាពិសេស បញ្ចៀសរាល់ភាព អសកម្ម ដូចជាបញ្ហាលុយក្រោមតុ។

សម្ដេចក្រឡាហោម ស ខេង ក៏ ណែនាំឱ្យបង្កើតក្រុមបេសកកម្ម ដើម្បីចុះទៅតាម ភូមិ ឃុំ ស្រុក លើកទឹកចិត្ត និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីការអនុវត្តកាតព្វកិច្ច ចាំបាច់មួយចំនួនដូចជា៖ ការធ្វើលិខិតអាពាហ៍ពិពាហ៍ ការធ្វើសំបុត្រកំណើត ការចុះមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន។

សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងារនេះ មានតួនាទីចុះទៅពន្យល់ ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីនីតិវិធី អត្ថប្រយោជន៍ និងផល់ប៉ះពាល់ប្រសិនបើពុំមានឯកសារទាំងនេះ ៕

To Top