ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងជញ្ជូន និងជា អនុប្រធានអចិន្ដ្រៃយ៍ គណៈគម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ក្រុមហ៊ុន Prudential របស់អង់គ្លេស ឯកភាពឲ្យកម្ពុជាបញ្ជូនឈ្មោះតារាល្បីៗ ជុំវិញពិភពលោក មកថតស្ព័តអប់រំ ស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ព្រោះបើមានតារាល្បីៗបែបនេះ យុវជនកម្ពុជាតែងតែ ចូលចិត្តមើលនិងស្ដាប់។
ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកស៊ុន ចាន់ថុល រំលឹកថា នាពេលថ្មីៗនេះ លោកបានជួបប្រធានក្រុមហ៊ុន Prudential ព្រមទាំងស្នើឲ្យក្រុមហ៊ុនបន្ដជួយ គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយពេលនោះក្រុមហ៊ុន ក៏បានឯកភាពបន្ដជួយបន្ថែមទៀត។
លោក មានប្រសាសន៍ថា “ខ្ញុំបានស្នើសុំថា នៅកម្ពុជានេះ យុវជន យុវនារីយើង បើមានតួណាល្បីៗក្នុងពិភពលោក មកជួយផ្សព្វផ្សាយពន្យល់ ពីច្បាប់ចរាចរណ៍គាត់តែងតែស្ដាប់។ ប៉ុន្ដែយើងពន្យល់ គាត់មិនចូលចិត្តប៉ុន្មានទេ? បើបានតួល្បីៗមកពន្យល់គាត់ អាហ្នឹងគេស្ដាប់ច្រើនជាង អីចឹងគាត់ក៏បានឯកភាព ប្រធានក្រុមហ៊ុន Prudential ធំជាងគេនៅអង់គ្លេសនេះ ដែលមានសាខានៅកម្ពុជាយើង ហើយឲ្យបញ្ជូនឈ្មោះ តើតួណាល្បីក្នុងពិភពលោក ដែលយើងចង់បាន”។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ លើកឡើងថា ក្រសួងគ្រោងនឹងបំពាក់ជញ្ជីងស្វ័យប្រវត្តិ (Weigh in Motion) និងកាមេរ៉ាឆ្លាតវៃ (AI Camera) តាមដានយានយន្តចូល និងមិនចូលស្ថានីយថ្លឹង រថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ជូនដំណឹងទៅសមត្ថកិច្ច ពាក់ព័ន្ធដោយស្វ័យប្រវត្តិ ដើម្បីចាត់វិធានការ និងរៀបចំប្រព័ន្ធអនឡាញ ដើម្បីឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស អាចរាយការណ៍ ជាប្រចាំមកកាន់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពីសកម្មភាពបណ្តុះបណ្តាលអប់រំ ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិតរបស់ខ្លួន អំពីច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានោះផងដែរ រដ្ឋមន្ដ្រីសាធារណការ ក៏បានប្តេជ្ញាជួសជុលផ្លូវសំបុកមាន់ និងផ្លូវខូចឲ្យបាន ៥០% ក្នុងរយៈពេល៣០ថ្ងៃ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឲ្យប្រជាពលរដ្ឋរាយការណ៍ ទៅកាន់ក្រុមការងារមានសមត្ថកិច្ច ដើម្បីចុះមកជួសជុល បានទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវ ប្រកបដោយសុវត្ថិភាព៕ ដោយ ៖ អេង ប៊ូឆេង