ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមរយៈនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ (YUASA GORO) មេបញ្ជាការកងស្វ័យ ការពារជើងគោកជប៉ុន បានស្នើរជប៉ុន ឲ្យជួយបណ្តុះបណ្តាល យោធិនវ័យក្មេងកម្ពុជា បន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ ចំពោះនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានចាត់ទុកដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ថាបានរួមចំណែកដ៍សំខាន់ ដល់ការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នកងទ័ព នៃប្រទេសទាំងពីរ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការស្វែងរក សន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគ របស់វិស័យឯកជនជប៉ុននៅកម្ពុជា។
ដោយឡែកលើវិស័យការពារជាតិ ជប៉ុនបានជួយផ្តល់នូវសម្ភារៈ និងបច្ចេកទេសជាច្រើន ដល់កម្ពុជា ទាំងលើវិស័យដោះមីន និងជួយបណ្តុះបណ្តាល ផ្នែកជំនាញវិស្វកម្ម ពេទ្យ និងជំនាញជាច្រើនទៀត ដល់មជ្ឈមណ្ឌលកងកម្លាំង ថែរក្សាសន្តិភាពរបស់កម្ពុជា ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើដល់មេបញ្ជាការកងស្វ័យ ការពារជើងគោកជប៉ុន នូវការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការ មិនប្រពៃណី ការជួយបណ្តុះបណ្តាល យោធិនវ័យក្មេង សម្រាប់បន្តវេន ព្រមទាំងពង្រីកការផ្លាស់ប្ដូរទស្សនកិច្ច រវាងបណ្ដាប្រភេទទ័ព ប្រទេសទាំងពីរផងដែរ ។
ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ បានសន្យាថានឹងពាំនាំ នូវសំណូមពរនានា របស់កម្ពុជាទៅរាយការណ៍ ជូនថ្នាក់ដឹកនាំជប៉ុន ដើម្បីពិនិត្យលទ្ធភាព ជួយលើកកម្ពស់វិស័យការពារជាតិ កម្ពុជា ជាពិសេសសមត្ថភាព របស់កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិតែម្តង ខណៈបច្ចុប្បន្នជប៉ុនបានកំពុងជួយបណ្តុះបណ្តាល ជំនាញនេះយ៉ាងសកម្ម ។
នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ បានសម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ច ជាលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់។ នាយឧត្ដមសេនីយ៍ បញ្ចាក់ថា ទាំងអស់នេះដោយសារតែ ប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បង្កឱ្យ មានការរីកចម្រើនសេដ្ឋកិច្ច ។
ជាមួយនោះដែរ នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ ក៏បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្ត ដោយមើលឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានតម្លើងកម្រិត ទំនាក់ទំនងកម្ពុជា-ជប៉ុន មានការីកចម្រើន ឥតឈប់ឈរ ហើយបានត្រូវបានលើកម្ពស់ឱ្យ ទៅជាកិច្ចសហប្របតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននេះ។ នាយឧត្ដមសេនីយ៍ បានសម្តែងនូវជំនឿជាក់ថា តាមរយៈ នៃកិច្ចសហប្រតិបត្តិការ ថ្មីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗ ជាច្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាដើម ៕ ដោយ៖ បាន ធារ៉ូ