ភ្នំពេញ ៖ ឈើខុសច្បាប់រាប់ម៉ឺនម៉ែត្រគូប ដែលគណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្រ្កាបបាននាពេលកន្លងមក ហើយត្រូវបានប្រគល់ ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ឲ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិនោះ គួរត្រូវបានដាក់ដេញថ្លៃ ប្រកបដោយតម្លាភាព ចៀសការវាងដេញថ្លៃសិប្បនិម្មិត នាំឲ្យខាតបង់ចំណូលសេដ្ឋកិច្ចជាតិ ។
ទាក់ទិនករណីខាងលើនេះ ដោយសារតែផុតដែន សមត្ថកិច្ចរបស់គណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដូច្នេះ សាធារណៈមតិសំណូមពរឲ្យ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោកឧបនាយករដ្ឋរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយទប់ស្កាត់បញ្ហាមិនប្រក្រតីខាងលើនេះផង ដើម្បីកុំឲ្យឈើខុសច្បាប់ ដែលគណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើស បង្ក្រាបបាននាពេលកន្លងមក ធ្លាក់ទៅក្នុងដៃក្រុមហ៊ុនណាមួយ ក្រោមរូបភាពដេញថ្លៃ សិប្បនិម្មិតក្នុងតម្លៃថោកៗ ។
សាធារណៈមតិបានសំណូមពរ ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជួយចាត់វិធានការទប់ស្កាត់ ករណីមិនប្រក្រតីខាងលើនេះផង បើមិនដូច្នេះទេច្បាស់ជារដ្ឋខាតបង់ថវិកា ដោយសារមន្ត្រីថ្នាក់ក្រោមឃុបឃិតគ្នា ធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ ។ មិនតែប៉ុណ្ណោះបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួន កំពុងរត់ការសុំបើករោងម៉ាស៊ីនអារ និងច្រៀកឈើដែលដេញថ្លៃបាន នៅកន្លែងស្តុកឈើលើទីតាំងក្រុមហ៊ុន ប្រព្រឹត្តបទល្មើស ដែលគណៈកម្មការជាតិ ចុះទៅបង្ក្រាបបាននាពេលកន្លងមកតែម្ដង ។ ប្រសិនបើបង្កើតរោងម៉ាស៊ីនអារ និងច្រៀកឈើបង្កើត ឡើងបាននៅកណ្ដាលព្រៃមែននោះ វាមិនខុសពីយកមេមាន់ ទៅដាក់ឲ្យពងលើជង្រុកស្រូវនោះទេ ។
សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ពេលដេញថ្លៃគេកំណត់ឲ្យក្រុមហ៊ុនដេញថ្លៃ បានដឹកឈើចេញឲ្យអស់ពីខេត្តមណ្ឌលគិរី ក្នុងរង្វង់៦០ថ្ងៃ ដើម្បីកុំឲ្យកើតមានករណី «កន្ទេលធំបន្លំដេក» ដូចកន្លងមក តែឥឡូវបើគេអនុញ្ញាត ឲ្យក្រុមហ៊ុនដេញថ្លៃ បានបង្កើតរោងម៉ាស៊ីនអារ និងច្រៀកឈើ នៅទីតាំងក្រុមហ៊ុនប្រព្រឹត្តល្មើស នៅកណ្ដាលព្រៃមែននោះ បទល្មើសព្រៃឈើ តាមរយៈការ កាប់ឈើ ពីក្រៅដឹកចូលក្រុមហ៊ុនបន្លំ ជាមួយឈើដេញថ្លៃបាន នឹងកើតឡើងសារជាថ្មីជាមិនខាន ។ ដូច្នេះសូមរដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយពិនិត្យមើល និងទប់ស្កាត់ផែនការរត់ការសុំបង្កើត រោងម៉ាស៊ីនអារ និងច្រៀកឈើ ដែលដេញថ្លៃបាននៅកណ្ដាលព្រៃនេះផង ។
យោងតាមគណៈកម្មការរដ្ឋបាលព្រៃឈើចុះត្រួតពិនិត្យ និងវាយតម្លៃកាលពីចុងឆ្នាំ២០១៩ ហើយធ្វើរបាយការណ៍ និងបានរាយការណ៍ជូនរដ្ឋមន្ត្រី ក្រសួងកសិកម្ម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ឈើដែលបានមកពីការបង្ក្រាបបទល្មើស ធនធានធម្មជាតិ នាពេលកន្លងមក ដែលបច្ចុប្បន្នរក្សាទុក នៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ
មានចំនួនជាង៧ពាន់ម៉ែត្រគូប មានតម្លៃមូលដ្ឋានស្មើទឹកប្រាក់ជាង៤ពាន់លានរៀល នោះត្រូវបានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួន បានរៀបចំផែនការរត់ការទិញឈើខាងលើ ក្នុងតម្លៃថោកក្រោមរូបភាពដេញថ្លៃសិប្បនិម្មិត តែលើក្រដាសនាំឲ្យរដ្ឋបាត់បង់ ចំណូលជាច្រើន ។
សាធារណៈជនបានសំណូមពរ ដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជួយចាត់វិធានការទប់ស្កាត់គម្រោងការដេញថ្លៃ តាមបែបសិប្បនិម្មិត ដោយលក់ឈើទៅឲ្យឈ្មួញ ក្នុងតម្លៃថោកជាងដាក់ដេញថ្លៃ ជាសាធារណៈពិតប្រាកដនេះផង។
សូមរំលឹកថាអ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីពេលកន្លងទៅបានអះអាងថាកាលពីឆ្នាំ២០១៩គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ និងបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ជាលទ្ធផលឃាត់ខ្លួននិងបញ្ជូនជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសព្រៃ ឈើចំនួន៥៩នាក់, ចាប់យកឈើចម្រុះចំនួន៩.២១៥,៨៧៦ម៉ែត្រត្រីគុណ និងចាប់យកមធ្យោបាយ សរុបចំនួន៤៩១គ្រឿង ព្រមជាមួយគ្នានោះយើង បានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលនូវរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន២១២គ្រឿង។ ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬឆេះដោយប្រការណាមួយឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។
គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឱ្យបុគ្គលគ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឱ្យចៀសឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល។
នាពេលបច្ចុប្បន្ននេះ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រុងទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក ។ល។
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងបន្តអនុវត្តវិធានការឲ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការដឹកនាំ សម្របសម្រួលកងកម្លាំងមន្ត្រីជំនាញ មានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើការត្រួតពិនិត្យ រាល់ការដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលមានការអនុញ្ញាតទាំងអស់ ចាប់ពីដើមទី កណ្តាលទី និងចុងទី ។ ត្រួតពិនិត្យរោងសន្និធិ ឃ្លាំងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ និងចាត់នូវវិធានការ ចាំបាច់នានាស្រប នឹងសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខៈ ០៥ ស.រ.ណ.ន ស្តីពី វិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ៕