ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត នឹងរៀបចំកម្មវិធី Super Data Race ប្រចាំឆ្នាំ 2020 ជាលើកដំបូង នៅវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ នាចុងសប្តាហ៍នេះ (ត្រូវនឹងថ្ងៃទី1 ខែមីនា)។ តាមការរំពឹងទុក កម្មវិធីនេះ នឹងមានមនុស្សយ៉ាងច្រើនកុះករ មកចូលរួមទស្សនាកំសាន្តសប្បាយ។
កម្មវិធី Data Races បានបង្ហាញវត្តមាន ជាលើកដំបូងក្នុងឆ្នាំ 2020 ហើយនេះគឺជាលើកទី 8 ហើយដែលក្រុមហ៊ុនសែលកាត បានរៀបចំកម្មវិធី ប្រណាំងប្រជែង ដ៏មានប្រជាប្រិយភាព មួយនេះឡើង។ យ៉ាងណាមិញ កម្មវិធីសម្រាប់ឆ្នាំ 2020 នឹងកាន់តែអស្ចារ្យ ជាងឆ្នាំកន្លងទៅ ដោយយុវជន មកពីបណ្តាខេត្តផ្សេងៗ ក៏អាចចូលរួមប្រណាំងប្រជែង នៅក្នុងព្រឹត្តិការណ៍នេះ បានផងដែរ។
ការចូលរួមទស្សនា ក្នុងឆ្នាំនេះនឹងកាន់ តែអធិកអធមអស្ចារ្យ ហើយការប្រណាំងប្រជែង ដើម្បីឈ្នះរង្វាន់វិញ ក៏កាន់តែស្វិតស្វាញដូចគ្នា។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា iPhone 11 Pro, Apple Watch, Ipad, Airpods, JBL Go និងគម្រោងផ្តល់ទិន្នន័យ និងបញ្ចូលទឹកប្រាក់ ដោយឥតគិតថ្លៃ ។
Super Data Race គឺជាកម្មវិធីហ្គេមលេង លើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុត របស់ក្រុមហ៊ុនសែលកាត ដែលត្រូវបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់យុវជន ក៏ដូចជាអនុញ្ញាត ឱ្យពួកគេទទួលបាន នូវបទពិសោធន៍ពិតប្រាកដ នៃការប្រើប្រាស់អ៊ីនធឺណិត ល្បឿនលឿនបំផុត នៅលើបណ្តាញ 4GLTE ដែលជាបណ្តាញ លឿនជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សិស្សនិស្សិត ដែលចូលរួមលេង នឹងត្រូវប្រណាំងប្រជែង ជាមួយពេលវេលា ក្នុងការដោះស្រាយ កិច្ចការឌីជីថល ដើម្បីឈានទៅដល់ ការរកឃើញតម្រុយ និងភាពភ្ញាក់ផ្អើល ដោយក្នុងនោះអ្នកចូលរួម ប្រកួតប្រាំនាក់ដំបូងគេ ដែលអាចបញ្ចប់គ្រប់វគ្គ ដោយជោគជ័យ នឹងទទួលបានរង្វាន់ ធំពិសេសអស្ចារ្យពីកម្មវិធី ។
កម្មវិធីប្រណាំងប្រជែងនេះ បានទាក់ទាញអ្នកចូលរួម ដែលជាយុវវ័យពោរពេញ ទៅដោយភាពស្វាហាប់ជាង 2000នាក់។ ក្រុមការងារសែលកាត រំពឹងទុកថា នឹងអាចបំបែកកំណត់ត្រា បាននៅចុងសប្តាហ៍នេះ ដោយសារមានសិស្សនិស្សិតជាង 1500នាក់ បានទាញយកកម្មវិធីនេះ សម្រាប់ទុកប្រើប្រាស់ រួចរាល់ហើយ។
កម្មវិធី Super Data Race បានទទួលពានរង្វាន់ យុទ្ធនាការទីផ្សារឆ្នើមបំផុត ប្រចាំឆ្នាំ (Best Marketing Campaign Of the Year) ពី CMO Asia កាលពីខែសីហាឆ្នាំ 2019 កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះក៏ទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ នៅទូទាំងប្រទេសកម្ពុជា ។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងាររបស់លោក បានត្រៀមខ្លួន រួចរាល់សម្រាប់ព្រឹត្តិការណ៍ ដ៏ធំនៅចុងសប្តាហ៍នេះ ដោយក្នុងនោះ ក្រុមការងារលោក ក៏បានរៀបចំ ដំឡើងបណ្តាញបន្ថែម នៅជុំវិញទីតាំង ប្រារព្ធកម្មវិធី ដើម្បីអនុញ្ញាត ឱ្យសិស្សនិស្សិត ចូលរួមប្រណាំងប្រជែង ទទួលបាននូវបទពិសោធន៍ ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
ក្រុមតន្រ្តីករ អ្នកចម្រៀង និង Influencer មួយចំនួនទៀត ក៏ត្រូវបានអញ្ជើញ ឱ្យចូលរួមនៅក្នុង កម្មវិធីតន្រ្តីខ្នាតតូច ដើម្បីជួយបង្កបរិយាកាស ឱ្យកាន់តែសប្បាយអធិកអធម នៅក្នុងបរិវេណសាលា បន្ទាប់ពីការប្រណាំងប្រជែង ត្រូវបានបញ្ចប់ទៅ។
សម្រាប់លោកអ្នក ដែលមានបំណងចង់ចូលរួម សូមទាញយកកម្មវិធី Super Data Race ដោយឥតគិតថ្លៃនៅលើទូរស័ព្ទ ហើយបន្ទាប់មកធ្វើការចុះឈ្មោះ ជាអ្នកប្រណាំងជាមួយ នឹងលេខទូរស័ព្ទ សែលកាត របស់អ្នក។ អ្នកចូលរួមប្រណាំង ត្រូវមានស៊ីមកាតសែលកាត ដើម្បីចុះឈ្មោះ ហើយរាល់អ្នកចូលរួម ប្រណាំងទាំងអស់ នឹងទទួលបានកាដូពិសេសមួយ នៅក្នុងថ្ងៃប្រកួត៕