ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមដាន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុនផ្សេងៗ ជាមួយតំណាងសហជីព ចលនាកម្មករ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែ មីនា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានរកឃើញក្រុមហ៊ុនកាស៊ីណូចំនួន៣ មិនបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាក់ទងនិងការបើកប្រាក់រំលឹក អតីតភាពការងារ និងប្រាក់បំណាច់ការងារ។
លោក ប៉ាវ ស៊ីណា បានឲ្យដឹង តាមរយៈគេហទំព័រហ្វេសប៊ុកថា ក្រុមហ៊ុន កាស៊ីណូ ចំនួន ៣ ដែលមិនបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងការងារ ទាក់ទងនិង ការបើកប្រាក់រំលឹក អតីតភាពការងារមុនឆ្នាំ២០១៩ និងបើកប្រាក់បំណាច់ការងារ ដែលចាប់អនុវត្តពីឆ្នាំ២០១៩ តទៅនោះរួមមាន ក្រុមហ៊ុន ៖
ទី១-កាស៊ីណូ ហ្គ្រែន ដាយអឺម៉នស៊ីធី
ទី២-កាស៊ីណូ រីហ្សត ដែលកាស៊ីណូ ក្រុមហ៊ុនទាំងពីរ បានបើកជូនបុគ្គលិកតែប្រាក់បំណាច់ការងារ ដែលអនុវត្តពីឆ្នាំ២០១៩ ទៅមុខតែប៉ុណ្ណោះ រីឯ ប្រាក់រំលឹកអតីតភាពការងារ ដែលនៅសល់មុនឆ្នាំ២០១៩ ពុំផ្តល់ជូនបុគ្គលិកនិយោជិតនោះទេ ។ រីឯទី៣- ក្រុមហ៊ុនកាស៊ីណូ ឌី អិន អេ គឺ មិនបានបើក ទាំងប្រាក់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់ការងារ តែម្តង ។
ប្រធានសហជីពរូបនេះបញ្ជាក់ថា “ការមិនយកចិត្តទុកពីសំណាក់មន្រ្តីពាក់ព័ន្ធ បានធ្វើអោយថៅកែក្រុមហ៊ុនកាស៊ីណូទាំងនេះ កំពុងតែបំពានច្បាប់ និងកេងប្រវ័ញ្ច កម្លាំងញើសឈាមបុគ្គលិកនិយោជិត ។ ខ្ញុំសូមស្នើអោយថ្នាក់ដឹកនាំក្រសួងការងារ មេត្តាពិនិត្យមើលករណីនេះផង”៕