ភ្នំពេញ ៖ បន្ទាប់ពីមានការ ប្រឌិតព័ត៌មានថា ការដើរដួលសន្លប់ របស់ជនបរទេស ប៉ុន្មានថ្ងៃមកនេះ គឺដោយសារកើតជំងឺកូវីដ១៩ នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានហៅអ្នកដែលបង្ហោះសារ បំផុសទាំងនោះថា ជាគឺជាជនទុច្ចរិត ឬពួកភេរវករ ។
ការលើកឡើង របស់ប្រមុខរាជរដ្ឋាភិបាល បែបនេះបន្ទាប់ពីមានម្ចាស់ គណនេយ្យហ្វេសប៊ុក មួយចំនួនបានបង្ហោះ ពីការដើរដួលស្លាប់ជនបរទេស ជាបន្តបន្ទាប់ថា កើតជំងឺកូវីដ១៩ ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២ សម្តេចតេជោហ៊ុន សែន បានប្រកាសថា អ្នកដែលបំផុសព័ត៌មានរឿង ដួលសន្លប់ដោយសារជំងឺកូវីដ១៩ នៅជាជនទុច្ចរិត ឬជាពួកភេរវករ ។
សម្តេចបញ្ជាក់ថា «ព្រោះការបំផុសព័ត៌មាន ដូចជាការដួល ស្លាប់ ដោយជំងឺកូវីដ នោះគ្មាននោះទេ ដោយសារជំងឺនេះ គ្មានការដួលស្លាប់នោះទេកុំឆ្ងល់ ។ វាមិនមែនដើរត្រុកៗ ហើយដាច់សរសៃឈាមស្លាប់នោះទេ ។ មនុស្សគង់តែស្លាប់ទេ ប៉ុន្តែខ្លះងាប់ក៏ទំលាក់ទៅលើជំងឺកូវីដ ។ ជំងឺត្រូវស្លាប់ទោះបីជាអត់មាន ជំងឺកូវីដក៏ស្លាប់ដែរ» ។
សម្តេចតេជោចោទសួរ ទៅកាន់អ្នកបំផុស ព័ត៌មានមិនពិតទាំងនោះថា តើទទួលបានអ្វីមកវិញ។ ផ្ទុយទៅវិញបានត្រឹមតែបង្កការភ័យខ្លាចចំពោះប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសារ ខ្លួនតែប៉ុណ្ណោះ។
សម្តេចមានជំនឿចិត្តថា ប្រជាពលរដ្ឋ មិនមានការកត់ស្លុត រហូតដល់គ្រប់គ្រងខ្លួន មិនបាននោះទេ ទោះបីជាពេលដំបូង មានការកើតឡើង នូវការចម្លងជំងឺកូវីដ១៩ លើជនជាតិចិនបានធ្វើឲ្យម៉ាស់ឡើងថ្លៃ ដែលនាំឲ្យមានរឿងម្តង។ ប៉ុន្តែបន្ទាប់ពីនេះមកធ្វើឲ្យប្រជាពលរដ្ឋ សាបរលាបហើយ ។
សម្តេចគូសបញ្ជាក់ថា បើសិនប្រជាពលរដ្ឋម្នាក់ៗ ដឹងខ្លួនឯងថា ខ្លួនឈឺឬអត់ ហើយបន្តរក្សាអនាម័យ ជាមួយសាប៊ូ ឬលាងអាល់កុល និងអនាម័យផ្ទះសំបែងជារឿងល្អ ។ ទាក់ទិនចំណុចនេះ សម្តេចក៏បានអំពាវនាវ ឲ្យមនុស្សម្នាក់ៗ ធ្វើការវាយបកចំពោះព័ត៌មានមិនពិត ដោយចាំតែក្រសួង សុខាភិបាល បកស្រាយ ឬនាយករដ្ឋមន្ត្រី និយាយ មិនគ្រប់គ្រាន់នោះទេ ។
សម្តេចបញ្ជាក់ថា៖ «ម្នាក់ៗត្រូវធ្វើជាសកម្មជន ប្រឆាំងព័ត៌មានក្លែងក្លាយ ។ ព្រោះជាសុខភាពផ្ទាល់ខ្លួន! បើគេថាខ្មែរឈឺអស់ហើយ អីចឹងតេជគុណ ឬពលរដ្ឋម្នាក់ថា យើងគ្មានឈឺនោះទេ ។ គេថាប្រជាជនថា ឈឺអស់ហើយ យើងម្នាក់ៗ មានរួចហើយតបវិញ ថាមិនឈឺនោះទេ »។
សម្តេចក៏បានលើកឡើងថា ទោះបីជាគ្មានជំងឺកូវី ក៏មានជំងឺផ្តាសាយផងដែរ ៕
ដោយ៖ ស សំណាង