ភ្នំពេញ ៖ ទោះបីពេលនេះ ប្រទេសចិន កំពុងប្រឈម និងជួបការលំបាកខ្លាំង ដោយសារការរីករាលដាល នៃវីរុសកូរ៉ូណា (Covid-19) ក៏សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសរួមគ្នាថា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងនៅតែប្រព្រឹត្តទៅតាមផែនការ កំណត់ នៅខែមីនា ឆ្នាំ២០២០នេះដដែល ។
ក្នុងពិធីប្រគល់សម្ភារៈការពារ ទប់ស្កាត់វីរុសកូរ៉ូណា (Covid-19) ជូនក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ នាស្ថានទូតចិន ប្រចាំកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា មែនទែនទៅរឿងសម្ភារៈ មិនជាច្រើនទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺទឹកចិត្ត ដែលយើងអាចចូលរួម ជាមួយប្រទេសចិន រកវិធីទប់ស្កាត់ និងបង្ក្រាបនូវជំងឺដ៏កាចសាហាវនេះបាន កាន់តែឆាប់រហ័ស គឺកម្ពុជា សាទរកាន់តែខ្លាំង ។ កម្ពុជានឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ចាត់ទុកជាការរួមចំណែក ក្នុងការជួយបំពេញភារកិច្ចរបស់មិត្តចិន ឲ្យកាន់តែពេញលេញថែមទៀត ។ ប្រទេសកម្ពុជា មានការជឿជាក់យ៉ាងមុតមាំ ខ្លាំងក្លាណាស់ ថាសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដោយ លោកប្រធានាធិបតី ស៊ី ជិនពីង នឹងអាចការបង្ក្រាប និងបំបាត់នូវជំងឺទាំងនេះដោយទទួលបានជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន ។
សម្ដេច ទៀ បាញ់ បញ្ជាក់ថា «អត់មានស្អីប្រែប្រួលទេ កិច្ចសហប្រតិបត្តិការទាំងឡាយ រួមទាំងការរៀបចំ លំហាត់ហ្វឹកហ្វឺននាគមាស នៅពេលខាងមុខនេះ ក៏យើងនៅតែបន្តធ្វើ ដូចគ្មានអ្វីប្រែប្រួលនោះឡើយ» ។
ទាក់ទិននឹងកម្មវិធីផ្សេងៗ រវាងកម្ពុជា-ចិន សម្ដេចពិជ័យសេនា គូសបញ្ជាក់ថា «ក្នុងពេលនេះយើង មិនទាន់មានកម្មវិធីអ្វី ដែលត្រូវទៅមក ក្នុងពេលដែលយើងកំពុងរៀបចំ គម្រោងផ្សេងៗជាច្រើន បើសិនជាមានកម្មវិធី ក៏មិនមានការផ្អាកទេ និយាយឲ្យមែនទែន គឺនៅតែបន្តទៅមុខ តាមរបៀបវារៈដែលយើងបាន រៀបចំរួចមិនឲ្យខ្វះទេ» ។
ក្នុងឱកាសនោះដែរលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា តាំងពីប្រទេសចិនកើតមានជំងឺ Covid-19 គឺរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនចិន ។ ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី បានយកព្រះទ័យទុកដាក់ ជាមួយប្រជាជនចិន និងផ្ដល់ការគាំទ្រដល់ប្រទេសចិន ជាច្រើនដង ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសមិនបិទជើងហោះហើរ មិនជម្លៀសប្រជាជន និងមិនរើសអើងប្រជាជនចិន ជាពិសេសផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលចិន ។
លោកទូតបន្ថែមថា អ្វីដែលគួរឲ្យប្រទេសចិន រំភើបចិត្តនោះ ក្នុងគ្រាដែលប្រជាជនចិន កំពុងជួបការលំបាក គឺសម្ដចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ច ជាបន្ទាន់នៅទីក្រុងប៉េកាំង ដែលនេះជាបង្ហាញឲ្យឃើញ ពីអត្ថន័យដ៏ជ្រាលជ្រៅរវាងចិន-កម្ពុជា ។ ហើយសម្ដេចពិជ័យសេនា ចូលរួមក្នុងកម្មវិធីប្រគល់សម្ភារៈថ្ងៃនេះ ក៏បានបញ្ជាក់ពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុត រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ហើយនេះក៏ជាការលើកទឹកចិត្តដ៏រឹងមាំ របស់កម្ពុជា ជូនប្រជាជនចិន ។
លោកទូតបញ្ជាក់ថា «ប្រឈមមុខជាមួយជំងឺ Covid-19 នេះ ប្រជាជនចិន ក្រោមការដឹកនាំដ៏រឹងមាំ របស់ប្រធានាធិបតី ស៊ី ជិនពីង គឺខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺ Covid-19 ។ ឥឡូវស្ថានភាពរបស់ប្រទេសចិន ក្នុងការទប់ស្កាត់ ការរីករាលដាល់ នៃជំងឺ Covid-19 គឺមានភាពល្អប្រសើរកាន់តែខ្លាំងក្លាថែមទៀត យើងជឿជាក់ថា នៅក្នុងពេលអនាគតយើងនឹងទទួលជ័យជម្នះ យ៉ាងរឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងវីរុស Covid-19 ទោះបី Covid-19 មានភាពកាចសាហាវខ្លាំងមែនទែន ប៉ុន្តែមិនអាចរារាំងកិច្ចសហប្របត្តិការ ផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងចិន និងកម្ពុជា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពប្រទេសចិន និងកម្ពុជា នឹងប្រព្រឹត្តទៅតាមផែនការ នៅក្នុងខែមីនា ខាងមុខនេះ ដែលបញ្ជាក់ពីមិត្តភាពយ៉ាងជ្រាលជ្រៅ រវាងកងទ័ពទាំងពីរ»។
លោកទូតចិន ជឿជាក់ថា បន្ទាប់ពីធូរស្រាល នៃជំងឺ Covid-19 លើកនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើគ្រប់វិស័យ នឹងបញ្ចេញនូវភាពកាន់តែល្អប្រសើរខ្លាំងក្លាបន្ថែមទៀត ក្នុងពេលអនាគតផងដែរ ។
សូមរំលឹកថា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និង កិច្ចការមនុស្សធម៌» ។ សមយុទ្ធនាគមាសនេះ គឺធ្វើឡើងដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះគឺមាន លក្ខណៈខុសប្លែងជាងឆ្នាំមុនៗបន្តិច ដោយសារតែឆ្នាំ២០២០នេះ គឺនឹងមានកងទ័ពដែលជាប្រទេស ជិតខាងរបស់កម្ពុជា ធ្វើជាអ្នកសង្កេតការណ៍ និងវាយតម្លៃ ។ សមយុទ្ធនាគមាស ឆ្នាំ២០២០ នេះដែរ នឹងធ្វើឡើងលើរបៀបវារៈជាច្រើន ប៉ុន្តែសង្កត់ធ្ងន់តែការប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាអាទិភាពតែប៉ុណ្ណោះ ហើយជាមួយគ្នានោះ ក៏មានសព្វាវុធ និងឧទ្ធម្ភាគចក្រច្រើនជាងមុនផងដែរ ខណៈកម្លាំងត្រៀមទាំងសងខាង នឹងចូលរួមប្រមាណជាង ពីរពាន់នាក់ ៕
ដោយ៖ ខា ដា