ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានស្នើឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវចាត់វិធានការ រឹតបន្តឹងក្នុងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដោយស្មើភាពគ្នា ចំពោះមុខច្បាប់ ជាពិសេសមិនត្រូវលើកលែង ចំពោះអ្នកណាម្នាក់ឡើយ ទោះឋានៈ តូច ឬធំ ក៏ដោយ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំឆ្លង សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានថ្លែងថា ការប្រព្រឹត្តខុស របស់ពលរដ្ឋទូទៅ គឺសមត្ថកិច្ចត្រូវតែធ្វើតាមគោលការ នៃច្បាប់ដែលបានចែង ក្នុងករណី បើរកឃើញមាន កំហុសត្រូវតែអនុវត្តច្បាប់ភ្លាម ដើម្បីរឹតបន្តឹងនូវការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក នៅកម្ពុជាឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។
សម្ដេច មានប្រសាសន៍ថា «ស្នើឲ្យស្ថាប័ន និងមន្រ្តីពាក់ព័ន្ធ ត្រូវចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ ដោយមិនឲ្យមានការលើកលែង និងត្រូវប្រកបដោយភាព ស្នើគ្នាចំពោះមុខច្បាប់ ទោះឋានៈ តូច ឬធំ ឬប្រជាពលរដ្ឋទូទៅក៏ដោយ» ៕
ដោយ ៖ អេង ប៊ូឆេង