ភ្នំពេញ ៖ ដោយសារបច្ចុប្បន្ន ភ្ញៀវទេសចរ មានការធ្លាក់ចុះ ជាបន្តបន្ទាប់ ដោយសារតែ ការរីករាលដាល នៃវីរុសកូរ៉ូណា ក្នុងប្រទេសចិន និងបណ្ដាប្រទេសនានានោះ លោកទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ទេសចរណ៍ បានអះអាងថា ក្រសួងបាន និងកំពុងដាក់ចេញ នូវវិធានការ បួនចំណុចសំខាន់ៗ ដើម្បីទប់ស្កាត់ ការធ្លាក់ចុះ និងទាក់ទាញភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិមកវិញ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍” នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោកទិត ចន្ថាបានថ្លែងថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ វិស័យទេសចរណ៍ នឹងមានការកើនឡើងទោះបីជាជួបបញ្ហាប្រឈម កាលពីពេលថ្មីៗក៏ដោយ ។
លោកបន្តថា “ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនថា យើងមានវិធានការ សំខាន់ៗធំៗចំនួន៤នៅក្នុងការដាក់ចេញ ឆ្លើយតបនិងជំរុញការ ដោះស្រាយបញ្ហា នៃការអភិវឌ្ឍវិស័យទេសចរណ៍ ការទប់ទល់ជាមួយបញ្ហាអវិជ្ជមាន ខាងក្រៅនៃ Covid-19”។
លោកបន្តថា វិធានការទាំងបួននោះរួមមាន៖ទី១, ជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង ទី២, បើកចំហទទួលស្វាគមន៍ទេសចរអន្តរជាតិទាំងអស់(មិនមានការបិទឬការឹតបន្តឹងអ្វីទាំងអស់) ទី៣,ធ្វើឲ្យគោលដៅទេសចរណ៍ សំខាន់ៗមានការអភិវឌ្ឍនិងទី៤ គឺវិធានការ ជួយសម្រាលការលំបាកដល់ និយោជក-និយោជិត។
អ្នកនាំពាក្យបញ្ជាក់ថា ទោះបីជួបនូវបញ្ហាប្រឈម យ៉ាងណាក្ដី តែគោលដៅទេសចរណ៍ របស់កម្ពុជានៅទូទាំងប្រទេស នៅតែមានភាពរស់រវើកដដែល។
លោកបន្ថែមថា គិតត្រឹមរយៈពេល២ ខែ(ក្នុងមករានិងកុម្ភៈ)មានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ប្រមាណជា១៥ភាគរយ។លោកថា ចំណូលបានមកពីវិស័យទេសចរណ៍ កាលពីឆ្នាំ២០១៩ បានប្រមាណជា៥ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាទទួលភ្ញៀវ ទេសចរអន្តរជាតិ បានចំនួន ជាង៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនឈរនៅលំដាប់លេខ១ ៕ ដោយ៖ធី លីថូ