ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាជំងឺកូវីដ១៩ ជាមូលហេតុចម្បងមួយ ក្នុងមូលហេតុជាច្រើន ដែលធ្វើឲ្យសហរដ្ឋអាមេរិក សម្រេចពន្យារពេល កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ហើយបញ្ហានៃការពន្យារពេល ពិតប្រាកដក៏មានតែលោក ដូណាល់ ត្រាំ និងសហការទេ ទើបអាចពន្យល់បានច្បាស់លាស់ ។
សូមរំលឹកថា កាលពីចុង ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេល កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះ ដោយការបារម្ភពីជំងឺខូវីដ១៩ ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង ១ពាន់នាក់ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលដំបូងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក គ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនានេះ ក៏ប៉ុន្តែក្នុងសភាពការណ៍ ដ៏ពុះកញ្ជ្រោល នៃបញ្ហាទាក់ទិន ជាមួយរឿងវីរុសកូរ៉ូណាថ្មី (Covid-19) តម្រូវឲ្យមានការលើកពេល ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ ។
សម្ដេចបន្តថា ចំណុចនេះក៏បានធ្វើឲ្យអ្នកវិភាគមួយចំនួន វិភាគយ៉ាងនេះយ៉ាងនោះ ប៉ុន្តែបញ្ហានេះ មានតែប្រធានាធិបតីអាមេរិក និងសហការីប៉ុណ្ណោះ ដែលមានលទ្ធភាពបញ្ចេញព័ត៌មានថា មកពីមូលហេតុអ្វី ឯមូលហេតុសំខាន់ៗ នៅទីនេះគឺសហរដ្ឋអាមេរិក បានលើកពីការប្រយុទ្ធប្រឆាំង ជាមួយការរីករាលដាលនៃ Covid-19 ដោយចាត់តាំងអនុប្រធានាធិបតី Mike Pince ទទួលបន្ទុកជាប្រធាន ដោះស្រាយបញ្ហា Covid-19 នេះ ។ ក៏ប៉ន្តែក៏មានការលើកឡើងថា អាមេរិកពន្យាការប្រជុំដោយសារ មេដឹកនាំអាស៊ានមួយចំនួន មិនទៅចូលរួមក្នុងកិច្ចប្រជុំនោះ ដូចជាប្រធាធិបតីនៃ ប្រទេសហ្វីលីពីន, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ដែលប្រទេសទាំង៣នេះ អាចតំណាងជាងពាក់កណ្តាល នៃប្រជាពលរដ្ឋអាស៊ានទៅហើយ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនៅតែយល់ថា មូលហេតុទី១ស្ដីពីការប្រយុទ្ធប្រឆាំង Covid-19 គឺជាមូលហេតុចម្បង ដែលនាំឆ្ពោះទៅរក ការផ្អាននេះសិន ព្រោះជួបគ្នានៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ ប្រសិនបើត្រូវការចង់ជួប ព្រោះអាមេរិកក៏បានឲ្យតម្លៃខ្ពស់ ទៅសារៈសំខាន់នៃទំនាក់ទំនងរវាង អាមេរិក និងអាស៊ានដែរ ។ ដោយសារតែអាមេរិក ជាពិសេសប្រធានាធិបតី ដូ ណាល់ត្រាំ គឺបានខកខានមិនបាន ចូលរួមការប្រជុំអាស៊ានរហូត ៣ឆ្នាំជាប់ៗគ្នា» ។
សម្ដេចបន្ថែមថា កន្លងមកប្រធានាធិបតីអាមេរិក ក៏បានអវត្តមាន ក្នុងកិច្ចប្រជុំអាស៊ានចំនួន ៣ដងរួចមកហើយ ដោយបានឲ្យតំណាងរបស់ខ្លួនទៅជំនួស។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោគិតថាហេតុផលទី១ ជាមូលហេតុចម្បងដែលអាមេរិក សម្រេចពន្យារ នៃកិច្ចប្រជុំដ៏សំខាន់នេះ គឺការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា មិនមែនអាមេរិកមិនយកចិត្តទុកដាក់ ជាមួយនឹងប្រទេសអាស៊ាននោះទេ ៕ដោយ ៖ ខា ដា