ព័ត៌មានជាតិ

អភិបាលរាជធានី ជម្រុញអោយអាជ្ញាធរ ផ្សព្វផ្សាយព័ត៌មានពិត ជុំវិញជំងឺកូរ៉ូណាថ្មី ខណៈមាន ជនអគតិ មាន​ចេតនាអាក្រក់ ចង់​បង្កឱ្យអស្ថេរភាព ក្នុងសង្គម

ភ្នំពេញ៖ ស្របពេលដែលមាន មនុស្សមួយក្រុមក្តាប់តូច បាននិងកំពុងយក ប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅបំភ្លៃការពិតទៅលើករណី វីរ៉ុស កូវីដ១៩ ក្នុងចេតនាបង្ករ វិច្ឆេតកម្ម បំផ្លាញសេចក្តីសុខ ក្នុងការរស់នៅ របស់ប្រជាជនកម្ពុជា ខណៈដែលនៅទូទាំងប្រទេសកម្ពុជា មកដល់ពេលនេះ ពុំទាន់មានប្រជាជនណាម្នាក់បានកើត ឬ ឆ្លងវីរ៉ុសនេះនៅឡើយ។

ការធ្វើវិច្ឆេតកម្ម ដោយចេតនា ក្នុងផលប្រយោជន៍នយោបាយ ឬបំផ្លាញសេចក្តីសុខ ប្រជាជនទូទាំងប្រទេសនេះ ត្រូវបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញនូវប្រតិកម្មតបវិញ នៅក្នុងពិធីបិទការប្រកួត​ កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០នៅវិទ្យាល័យជាស៊ីម បឹងកេងកង កាលពីថ្ងៃទី២ ខែមីនា ២០២០នេះ ដោយបានស្នើឱ្យមន្រ្តី មន្ទីរសុខាភិបាល ថ្នាក់ដឹកនាំ តាមសាលារៀន គ្រឹះស្ថានអប់រំ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ឆ្លើយតបឱ្យទាន់សភាពការណ៍ថា នៅក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រង មិនមានអ្នកណា ម្នាក់កើតឬឆ្លងវីរ៉ុស ប្រភេទនេះ នៅឡើយទេ សូមកុំឱ្យមានការភ័យខ្លាច ដោយគ្មានការពិចារណា។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុន សែនគ្មានហេតុផលអ្វី ដែលត្រូវលាក់បាំងការពិត នៃវីរ៉ុសកូវីដ១៩នេះទេ ខណៈដែលពិភពលោក កំពុងមានការព្រួយបារម្មណ៍ យ៉ាងខ្លាំងនោះ។

លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខភិបាល ក៏បានដាក់ចេញ នូវវិធានការការពារ និងទប់ស្កាត់នានា ដូចជាត្រូវលាងដៃ និងសាប៊ូ ឬ អាល់កុល ឱ្យបានញឹកញាប់ មុនពិសារចំណីអាហារ ឬ ប៉ះពាល់មាត់ច្រមុះ។ ម៉្យាងបើមានជំងឺគ្រុនផ្តាសាយ ត្រូវពាក់ម៉ាសការពារ កុំឱ្យឆ្លងទៅអ្នកដទៃ ដែលនៅជិតខ្លួន។

លោកអភិបាល ក៏បានជម្រុញឱ្យតាមសាលារៀននានា នៅក្នុងរាជធានី បន្តយកចិត្តទុកដាក់ លើការលើកកកម្ពស់បរិស្ថាន ក្នុងសាលា សុវត្ថិភាពចំណីអាហារ និងបង្កើតទីតាំងលាងដៃ ឱ្យបានគ្រប់គ្រាន់ មានសាប៊ូ ឬអាល់កុលលាងដៃ បំផុសឱ្យក្មួយៗ សិស្សានុសិស្ស មានការប្រុងប្រយ័ត្ន កុំបរិភោគចំណីអាហារ ណាមិនមានអនាម័យ កុំផឹកភេសជ្ជៈណា ដែលមានជាតិផ្អែមខ្លាំងពេក ជាពិសេស ត្រូវផ្សព្វផ្សាយ នូវសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ឱ្យសិស្សានុសិស្ស និងអាណាព្យាបាល បានជ្រាប
ដើម្បីចូលរួម ការពារទាំងអស់គ្នា។

ពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬ Covid-19នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញអោយគណៈបញ្ជាការឯកភាព ខណ្ឌ​ទាំង១៤​ បង្កើនការយកចិត្តទុកដាក់ លើ​ការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ ​ក្នុងមូលដ្ឋានរបស់ខ្លួន​ ជាពិសេសលើករណី​ មានមនុស្សដួល​ រឺសន្លប់​ ដោយប្រការណាមួយ​ ត្រូវរាយការណ៍មក រដ្ឋបាលរាជធានី​ភ្នំពេញ ជាបន្ទាន់​ ដោយមាន​ភ្ជាប់មកជាមួយ នូវរូបភាព​ និងមូលហេតុ ឱ្យបានច្បាស់លាស់​ ព្រមទាំងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ទៅសាធាណៈជន​ ឱ្យបានមុន​ជនអគតិមួយចំនួន ដែលមាន​ចេតនាអាក្រក់​ កេងចំណេញ​ ដោយទាញយក​ហេតុការណ៍នេះ ​ទៅបង្ហោះបំភ្លៃការពិត បង្កឱ្យមានអស្ថេរភាពក្នុងសង្គម។

ពាក់ព័ន្ធនឹងពិធីនេះលោក អភិបាលរាជធានីភ្នំពេញ លើកឡើងថា ចក្ខុវិស័យ នៃការកសាងសង្គម កម្ពុជាមួយ​ ដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមធម៌ ទាមទារអោយបរជាពលរដ្ឋ មានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីរភាពសមរម្យ និង មានការរស់នៅសុខដុមរមនា ទាំងក្នុងសង្គមជាតិ និងសង្គមគ្រួសារ ប្រកបដោយនិរន្តរភាព។

លោកអភិបាលបានបន្តទៀតថា ឆ្លើយតបនិងចក្ខុវិស័យខាងលើ ក្រសួងអប់រំយុវជន និងកីឡា បាននិងកំពុងអនុវត្ត កំណែរទម្រង់អប់រំលើគ្រប់វិស័យ ឱ្យមានលក្ខណ:កាន់តែស៊ីជម្រៅ ឆ្ពោះទៅសង្គម ពុទ្ធិនិងវិបុលភាព ស្របតាមដំណើរការ អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និតិកាលទី៦ ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។ ជោគជ័យនៃការប្រកួតកីឡា នាពេលនេះជាការរួមចំណែក ជាវិជ្ជមាន ក្នុងការធ្វើឱ្យមានការរីកចំរើន នូវសកម្មភាពអប់រំកាយ និងកីឡា ទូទាំងប្រទេស ដែលជាសមាសភាពមួយ នៅក្នុងសមាសភាពអប់រំ ទាំង៥របស់ក្រសួងអប់រំ យុវជននិងកីឡា។

លោកឃួង ស្រេងក៏បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ជាកីឡាករ កីឡាការិនី បន្តយកចិត្តទុកដាក់ហ្វឹកហាត់ ឱ្យបានកាន់តែល្អថែមទៀត ទាំងចំណេះដឹង ប្រាជ្ញាស្មារតី កិច្ចសហការ និងសុខភាពជាចម្បង ដើម្បីបន្តយកជ័យជំនះ ជូនសាលា និងប្រទេសជាតិ ទាំងមូលនាពេលអនាគត៕

To Top