ព័ត៌មានជាតិ

តម្លៃផ្លែស្វាយ ធ្លាក់ចុះយ៉ាងគំហុក ក្នុងសភាពមួយមិនអាច ទទួលយកបាន

ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងថាតម្លៃផ្លែស្វាយ រោងចក្រទិញក្នុងចំការចន្លោះពី ៤០០រៀល ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម ចំណែកតម្លៃផ្លែស្វាយដឹកដល់រោងចក្រចន្លោះ ៥៣០រៀលទៅ ៥៥០រៀល ៥៨០រៀល និង ៦០០រៀលក្នុងមួយគីឡូក្រាម (រោងចក្រក្នុងស្រុក)។

បើតាមលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៤ មីនាថា តម្លៃផ្លែស្វាយខាងលើនេះ ជាតម្លៃមួយមិនអាចទទួលយកបានឡើយ ព្រោះកសិករជួលចំការស្វាយគេធ្វើ ៩៨% កំពុងប្រឈមនឹងបំណុល ដែលពិបាកនឹងសងរួច។ ភាគច្រើនពួកគាត់ខ្ចីប្រាក់ពីគេ យកទៅប្រកបរបរធ្វើចំការស្វាយ ២ឆ្នាំកន្លងមកនេះ ពួកគាត់ខាតបង់យ៉ាងខ្លាំង”។

លោក អ៊ិន ឆៃវ៉ាន ឲ្យដឹងបន្ថែមថា “ឆ្នាំនេះគឺជាឆ្នាំដែលខាត ខ្លាំងបំផុតស្ទើរហៅលែងលឺ។ បងប្អូនប្រជាកសិករសប្បាយចិត្ត ខ្លាំងណាស់ពេលបានដឹងថា មានរោងចក្រច្រើនកកើត នៅក្នុងស្រុកយ៉ាងនេះ ទើបពួកគាត់ដាក់ចិត្តបន្តធ្វើ សង្ឃឹមថាតម្លៃផ្លែស្វាយនឹងបានល្អប្រសើរ តែអ្វីដែលជាការរំពឹងក្លាយជាទឹកភ្នែក។ រោងចក្រនៅថៃ និងវៀតណាមផ្អាក និងកាត់បន្ថយទទួលទិញ ផ្លែស្វាយពីកម្ពុជាយើង ដោយសាររោងចក្រទាំងនោះ ត្រូវសម្រុកប្រមូលកសិផលរបស់ ប្រជាកសិករគេមកកែច្នៃជាអាទិភាព” ៕

To Top