ភ្នំពេញ ៖ ថ្លែងចំពោះមុខ មន្ដ្រីរាជការជាច្រើននាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យមន្ដ្រីរាជការទាំងអស់ ត្រូវធ្វើខ្លួនជាមន្ដ្រី ដែលមានឧត្តមគតិ មិនត្រូវធ្វើខ្លួន ជាមន្ដ្រីឱកាសនិយម បម្រើផលប្រយោជន៍ ផ្ទាល់ខ្លួនឡើយ ត្រូវបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។
ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល អភិបាលរងខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «មន្ដ្រីរបស់យើង មន្ដ្រីថ្នាក់ណាក៏ដោយ ខ្ញុំសូមស្នើថា ត្រូវរៀបចំខ្លួនរបៀបម៉េច? ដើម្បីក្លាយជាមន្ដ្រីដែលមានឧត្តមគតិ ឲ្យទៅជាមន្ដ្រីឧត្តមគតិ ឧត្តមគតិម៉េច? ឧត្តមគតិជាតិ ប្រជាពលរដ្ឋ ធំណាស់អាហ្នឹង ។ ហើយមិនត្រូវរៀបចំ ទុកដាក់ខ្លួនយើង ទៅជាមន្ដ្រីឱកាសនិយមទេ» ។
សម្ដេចបន្ដថា «ដូចម្ដេចហៅថា មន្ដ្រីឱកាសនិយម? មន្ដ្រីឱកាសនិយម គាត់ស្រែកថា ស្រលាញ់ ជាតិ ប្រជាជន ឲ្យតែបានតំណែង គាត់លេងម៉ាសេរី ផលប្រយោជន៍ ឲ្យតែបានធ្វើតំណែងជា ប្រធាននេះ ប្រធាននោះ គាត់អត់គិតអាហ្នឹងប៉ុន្មានទេ ។ គិតតែដើររកស៊ី អាហ្នឹងហើយហៅថា មន្ដ្រីឱកាសនិយម យកអំណាច តួនាទីនឹងដើម្បីរកផលប្រយោជន៍សម្រាប់ខ្លួន» ។
សម្ដេចបន្ដថា មន្ដ្រីទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីឲ្យពលរដ្ឋមានការទុកដាក់ចិត្ត ។
សម្ដេចថា មន្ដ្រីរាជការ ត្រូវធ្វើយ៉ាងណាធ្វើឲ្យ ភូមិ-ឃុំ មានសុវត្ថិភាព ត្រូវប្រកាន់ខ្ជាប់ថា “ភូមិ-ឃុំ-ស្រុក-ខេត្ត ជារបស់យើងផ្ទាល់ខ្លួន”។ ជាពិសេស ធ្វើឲ្យ ភូមិ-ឃុំ មានការអភិវឌ្ឍគ្រប់ទីកន្លែង ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង លើកឡើងថាយុទ្ធនាការបង្ក្រាបគ្រឿងញៀន រយៈពេល៣ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៧ដល់២០១៩ បានជាង ១៤០០គីឡូក្រាម។
សម្ដេចថា «គ្រឿងញៀនចាប់ពីយើងបើកយុទ្ធនាការមក ឆ្នាំ២០១៧ ឆ្នាំ២០១៨ ឆ្នាំ២០១៩ មានរយៈពេល ៣ឆ្នាំហើយ។ហើយឆ្នាំនេះចូលឆ្នាំទី៤ យើងរឹបអូសបាន១៤០០គីឡូក្រាម មានន័យថា ជិត១តោនកន្លះ បើបូករហូតដល់ឥឡូវនេះ ១តោនកន្លះ។សម្បើមណាស់ ហើយ១តោនកន្លះ មិនមែនប្រើស្រុកយើងទាំងអស់ទេ វាប្រើមួយផ្នែកណា ហើយមួយផ្នែកទៀត យកចេញទៅប្រទេសផ្សេង ប្រទេសជិតខាងយើង»។
សម្ដេចបន្ដថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបង្ក្រាបគ្រឿងញៀន នាពេលកន្លងទៅនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៨០០០នាក់។សម្ដេចថា បើសិនមិនបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនទេ តើមានអ្នកញៀនថ្នាក់មានប៉ុន្មាននាក់? នៅកម្ពុជា។ហើយសង្គមកម្ពុជា អាចនឹងមានបញ្ហាធ្ងន់ធ្ងរ ដូច្នេះការបង្ក្រាបគ្រឿងញៀននេះ ទាន់ពេលវេលា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល។
បន្ថែមពីនេះ សម្ដេច ស ខេង បញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខទៀត ក្រសួងមហាផ្ទៃ នឹងធ្វើការបូកសរុបលទ្ធផល នៃការបង្ក្រាបគ្រឿងញៀន ព្រមទាំង ផ្ដលរង្វាន់លើកទឹកចិត្ត ដល់សមត្ថកិច្ចដែលចុះបង្រ្កាបគ្រឿងញៀន នាពេលកន្លងមក ។
សម្ដេចថា សម្ដេចតេជោ ហ៊ុន សែន នាយករដដ្ឋមន្ដ្រី នៃកម្ពុជា ក៏បានផ្ដល់ថវិកា ដើម្បីនឹងលើកទឹកចិត្ត អ្នកបង្ក្រាបគ្រឿងញៀនហើយ សម្ដេចនឹងធានាចាត់ចែក ថវិកាទាំងនេះ ឲ្យបានត្រឹមត្រូវ។ចំពោះបុគ្គលដែលទទួលបានថវិកាលើកទឹកចិត្ត គឺបើកតាមធនាគារ ដើម្បីឲ្យមានតម្លាភាព មិនមែនបើកតាមអង្គភាពឡើយ ៕
ដោយ ៖ អេង ប៊ូឆេង