ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រជុំបូកសរុប លទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ នា ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ កោតសរសើរ និងវាយតម្លៃខ្ពស់ កិច្ចខិតខំប្រឹងប្រែងលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលធំអន្តរាគមន៍លេខ ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ នៅក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិ, ការពារបូរណទឹកដី និងចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព ។ ទាំងអស់នេះផ្តើមឡើងពីការតាំងចិត្ត, ការប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នា និងស្មារតីស្នេហាជាតិ របស់យោធិនម្នាក់ៗ និងសូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានសកម្មខ្លាំងក្លា ថែមទៀតសម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ ហើយត្រូវធ្វើការដកពិសោធន៍, ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាព នៃប្រសិទ្ធភាពការងារ, ប្រព័ន្ធការងារឹងមាំ, និងការកសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យ។
លោក ម៉ាណែត បានលើកឡើងថា ការធានាការពារ ឱ្យបាននូវរាល់សមិទ្ធផល សង្គម-សេដ្ឋកិច្ច ដែលកម្ពុជាខិតខំសម្រេច បានក្នុងរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ជាពិសេសការការពារ ឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងការពង្រឹងតួនាទី សកម្មរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តម្រូវឱ្យកងយោធពលខេមរភូមិន្ទ ត្រូវពឹងផ្អែកជាចម្បង លើការអភិវឌ្ឍសមត្ថភាព និងបណ្តុះជាប់ជានិច្ចនូវមនសិការស្នេហាជាតិជាចាំបាច់ ដូចប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងវិវេចនាយុទ្ធសាស្ត្រ ការពារជាតិឆ្នាំ២០១៣ ដែលជំរុញឱ្យ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យទៅជាកម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលរួមចំណែក ក្នុងការអភិវឌ្ឍជាតិ និងលើកតម្កើងកិត្យានុភាព របស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោក ក៏សូមធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់កងពលធំអន្តរាគមន៍លេខ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗ និងត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាព របស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យបានរហ័សបំផុត ៕