ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបំពេញ ទស្សនកិច្ចការងារ នៅឡាវ រយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃ៤-៦ មីនា ។

ដំណើរទស្សនកិច្ចរបស់ សម្ដេច ស ខេង នាពេលនេះ គឺតបតាមការអញ្ជើញ ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ ។

តាមគម្រោង ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ សម្ដេច ស ខេង នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាលយតម្លៃលទ្ធផល នៃការអនុវត្តកំណត់ហេតុ សហប្រតិបត្តិការ ឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។

កិច្ចប្រជុំនេះ គឺជាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងខេត្តជាប់ព្រំដែន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្ដេចក្រឡហោម ស ខេង ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក ថងលុន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ៕

ដោយ៖អេង ប៊ូឆេង

To Top