ភ្នំពេញ ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ជនជាតិជប៉ុនម្នាក់ ដែលវៀតណាមរកឃើញ មានផ្ទុកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីចាកចេញពីព្រលាន យន្តហោះខេត្តសៀមរាប ទៅដល់ព្រលានយន្តហោះ ក្រុងហូជីមិញនោះ មុនចេញដំណើរពីកម្ពុជា ពុំមានរោគសញ្ញាកើតជំងឺ COVID-19 ឡើយ ហើយភាគីជប៉ុន ក៏មិនទាន់បញ្ជាក់ជាផ្លូវការថា ជនជាតិជប៉ុនរូបនោះ ឆ្លងជំងឺ COVID-19 ដែរ ។
កាលពីពេលថ្មីៗនេះ សារព័ត៌មានវៀតណាមបានចុះផ្សាយថា ជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 បន្ទាប់ពីហោះចេញពី ព្រលានយន្តហោះអន្តរជាតិសៀមរាប ឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញ ប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ មីនានេះ លោក ទៀ សីហា បានមានប្រសាសន៍ថា ជនជាតិជប៉ុនរូបនេះ គឺគាត់ជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប មិនមែនមកដំណើរកំសាន្ត លក្ខណៈទេសចរណ៍នោះទេ។
លោកអភិបាលខេត្តបញ្ជាក់ថា «អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហានេះដោយបានសហការ ជាមួយនឹងកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប មន្ទីរ និងក្រសួងសុខាភិបាលសុខាភិបាល ។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុន ប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាព ជនជាតិជប៉ុនរូបនេះ ពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ» ។
លោកអភិបាលខេត្តបន្ថែមថា ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ត្រីសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយ ក្រសួងសុខាភិបាលដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការ និងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មាន ការបញ្ជាក់ជាផ្លូវការក៏ដោយ ៕
ដោយ៖ ខា ដា