តាកែវ ៖ ជនសង្ស័យ២នាក់ បងប្អូនបង្កើត បានជិះម៉ូតូឌុបគ្នា ទៅកាប់ជនរងគ្រោះ ២នាក់ប្ដី និងប្រពន្ធ ដែលកំពុងដេកក្រោម ផ្ទះពាក់កណ្ដាលអាធ្រាត ដោយចោទថា ពួកគេចេះអំពើអាបធ្មប់ និងជាដើមហេតុ បណ្ដាលឲ្យម្ដាយខ្លួនឈឺស្លាប់ ទើបកើត ជាគំនុំសងសឹកបែបនេះ ។ ហេតុការណ៍ ករណីឃាតកម្មគិតទុក ជាមុន បានកើតឡើង នៅវេលាម៉ោង ២៣យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ និងបង្កឡើងដោយជនសង្ស័យ ២នាក់បងប្អូនបង្កើត។
បើយោងតាមលោក ផាន ផល អធិការនគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះម៉ម អែម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង មានមុខរបរកម្មករសំណង់ និងទី២. ឈ្មោះម៉ម អន ហៅពោត ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា មានមុខរបរកម្មករសំណង់ បានប្រដាប់ ដោយកាំបិតក្រង៉ុក នឹងម៉ូតូមួយគ្រឿងបានដឹកគ្នា ចូលទៅកាប់ជនរង គ្រោះពីរនាក់ប្តីប្រពន្ធ ដែលកំពុង ដេកនៅលើគ្រែក្រោមផ្ទះ ក្នុងភូមិឃុំជាមួយគ្នា បណ្តាលអោយមានរបួសជាទម្ងន់។
បន្ទាប់មកជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យរុស្សី ។ ដោយជនរងគ្រោះមានឈ្មោះ មាស សាម៉ន អាយុ៥៦ឆ្នាំ មានមុខ របរកសិករ (ប្តី) និងជនរងគ្រោះឈ្មោះ វា ស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ)។
លោកអធិការនគរបាលស្រុកទ្រាំង បានបន្តថា ក្រោយពេលកើតហេតុ កំលាំង សមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ម អន ហៅ ពោត (ម្ចាស់ម៉ូតូ) ដកហូតម៉ូតូ១គ្រឿង ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ម៉ម អែម បានគេចខ្លួនបាត់ ហើយបើតាមការសាកសួរ របស់សមត្ថកិច្ច ចំពោះមូលហេតុនៃការ បង្ករបួសនេះ ដោយសារជនបង្ក ចោទជនរងគ្រោះថា ជាគ្រូធ្មប់ធ្វើឲ្យម្តាយខ្លួនឈឺ រហូតដល់ស្លាប់ ៕