ព័ត៌មានជាតិ

អាជ្ញាធរ និងធនាគារ កាណាឌីយ៉ា ចេញការបំភ្លឺ ករណី បុគ្គលិកធនាគារ ដួលសន្លប់ ក្រោយចេញពីធ្វើការ

ភ្នំពេញ ៖ ក្រោយមានការឆោឡោ បុគ្គលិកស្រីធនាគារ កាណាឌីយ៉ា មួយរូប ទន់ដៃ​ទន់ជើង បណ្តាលអោយដួលសន្លប់ ដែលបណ្តាលមកពីបញ្ហាសុភាពចុះខ្សោយ អស់កម្លាំងត្រូវបាន អាជ្ញាធរភ្នំពេញ និងខាងធនាគារផ្ទាល់ ធ្វើការបំភ្លឺ និងច្រានចោល ចំពោះជនអគតិមួយចំនួន ដែលបានបំភ្លៃព័ត៌មាន បំពុលសង្គម ។

លោក ម៉េត មាសភក្តី បានលើកឡើងថា ប្អូនស្រី សំ សុវណ្ណចរិយា ជាបុគ្គលិក បម្រើការងារនៅធនាគារកាណាឌីយ៉ា បានដួលសន្លប់ នៅក្នុងបន្ទប់ទឹក នៃអគារ​កាណាឌីយ៉ា នៅព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ មិនស្លាប់ទេ ពេលនេះប្អូនស្រី កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ បានអោយដឹងថា “ប្អូនស្រី សំ សុវណ្ណ ចរិយា មានជម្ងឺខ្យល់គរ មិនមានវីរ៉ុសកូរ៉ូណា Covid-19 និងមិនស្លាប់ ដូចការផ្សាយរបស់ហ្វេសប៊ុក និងព័ត៌មាន មួយចំនួននោះទេ ” ។

ក្នុងនោះដែរ យោងតាម គណនីផ្លូវការ ធនាគារ កាណាឌីយ៉ា បានអោយដឹងថា ”កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៥ល្ងាច មានករណី​ឆោឡោមួយ បានកើតឡើងនៅច្រកទ្វារចេញខាងក្រោយ របស់វិមានកាណាឌីយ៉ា ដោយមានបុគ្គលិកនារីមួយរូប បានទន់ដៃជើងអស់កម្លាំង ពេលចេញពីធ្វើការ”។

ខាងធនាគារ បញ្ជាក់ថា “ចំពោះករណីនេះ ធនាគារយើង ខ្ញុំសូមបញ្ជាក់ និងជម្រាប​ជូនសាធារណជន ឱ្យបានជ្រាបថា នេះគឺជាករណីបញ្ហាសុខភាព ដោយសារតែបុគ្គលិក​នារីរូបនោះ មានសុខភាពខ្សោយ និងខ្វះជាតិស្ករ ទើបបណ្ដាលឱ្យ ទន់ដៃទន់ជើងបែប​នេះ តែមិនមែនសន្លប់ បាត់ស្មារតីឡើយ។ ពេលនេះបុគ្គលិករូបនោះ កំពុងសម្រាក​ថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក៏ដឹងខ្លួន និងធូរស្រាលឡើងវិញ ហើយដែរ”។

ខាងធនាគារ កាណាឌីយ៉ា ក៏លើកឡើងទៀតថា “អាស្រ័យដូចបាន ជម្រាបជូន​ខាងលើ សូមអតិថិជន និង សាធារណជនទាំងអស់ កុំមានការភ័ន្តច្រឡំទៅ នឹងករណីផ្សេង ដូចជាករណីសង្ស័យនៃវីរុស COVID-19 ឬករណីផ្សេងទៀត ដូចដែលគណនី ឬទំព័រហ្វេសប៊ុកមួយ ចំនួនបានចុះផ្សាយ ខុសពីការអះអាង​របស់ធនាគារយើងខ្ញុំ”។

ធនាគារកាណាឌីយ៉ា កំពុងធ្វើការដោយផ្ទាល់ ជាមួយគណនី និងទំព័រហ្វេសប៊ុកទាំង​អស់ ខាងលើ ដើម្បីផ្ដល់ព័ត៌មានពិតជុំវិញករណីនេះ៕

To Top