ភ្នំពេញ៖ មនុស្ស ៤៤នាក់ ត្រូវបានរកឃើញថា មានទំនាក់ទំនងជិតដិត និងធ្លាប់មានទំនាក់ទំនង ជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះ ៤នាក់ ជាជនដែលមានទំនាក់ទំនង ដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនង ។ នេះបើយោងតាមការឲ្យដឹងពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វើការ ប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការ សុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។ យើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ ប៉ះពាល់ប្រយោល ដែលតំរូវ ឱ្យគាត់នៅ ដោយឡែកពីគេចំនួន១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ ។
សូមបញ្ជាក់ថាជនជាតិជប៉ុននេះ គាត់ជាអ្នកធុរកិច្ច គាត់បានធ្វើដំណើរ ជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី៥ មីនា ២០២០ មិនទាន់កឃើញ ករណីថ្មីនៅឡើយទេ ។
សូមរំលឹកថា ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់អំពីស្ថានភាពជនជាតិ ជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19 ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ ប្រទេសវៀតណាម។ នេះបើតាមលិខិតរបស់លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំ នៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។
បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០៖៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ខាងលើនេះ មនុស្ស៥១នាក់ រួមទាំងបុគ្គលិក បម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក នៅទីក្រុងហូជីមីញ៕