ប្រិយមិត្ត ដែលនិយមស្ដាប់រឿងប្រលោមលោក តាមវិទ្យុមួយចំនួន ប្រហែលអាចនៅចាំរឿង “ស្នាមសាក់រូបខ្លា” របស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កាលពីឆ្នាំ២០០៤ ហើយ។ រឿង ស្នេហា ដែលឆ្លុះបញ្ចាំងពីជីវិត របស់បងធំ បងតូច រហូតសេពគ្រឿងញៀន និង មានបញ្ហាក្នុងគ្រួសារ ត្រូវបាន”តម្រា” ទទួលបានសិទ្ធិ បោះពុម្ពផ្សាយ និងសម្ពោធ នៅក្នុងទិវា អំណាន ជាតិ លើកទី៥ ដែលប្រព្រឹត្តិ ទៅនៅសាលាតិចណូ ថ្ងៃទី៦-៨ មីនា។
រាប់ត្រឹមចំណងជើងថ្មីនេះ ជា វណ្ណកម្ម ទីបី ក្នុងឆ្នាំ២០២០ របស់”តម្រា” បន្ទាប់ពីការ ដាក់លក់ យ៉ាងមានសន្ទុះលើ ប្រលោមលោក ស្នេហាផ្អែមស្អិត “១ម៉ឺន ស្នេហ៍ផ្ញើទៅកោះកុង” ដែល ចេញ កាលពីសប្ដាហ៍ មុន។
ថ្វី ត្បិតតែល្ខោនវិទ្យុ នេះ ជាស្នាដៃ និពន្ធរបស់ អ្នកស្រី ម៉ីសន សុធារី កាលពីឆ្នាំ២០០៤ ប៉ុន្តែទម្រាំ ក្លាយជាប្រលោមលោក ស្ថិតក្រោមសិទ្ធ បោះពុម្ពផ្សាយរបស់ “តម្រា” ត្រូវបានកញ្ញា មិត្ត រស្មី ជាអ្នកនិពន្ធមកពីក្រុមទសប៉ាកា បានតាក់តែងល្ខោន វិទ្យុ នេះ មក ជា ប្រលោមលោក។ កញ្ញា មិត្ត រស្មី នឹងត្រៀមទទួលរង់ចាំជួប ប្រិយមិត្ត ចុះហត្ថលេខាលើសៀវភៅ ដំបូង របស់នាង នៅស្តង់លេខ២៣ នា បរិវេណវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (សាលាតិចណូ) ក្នុងថ្ងៃសម្ពោធថ្ងៃសៅរ៍ទី០៧ ខែមីនា នេះជាថ្ងៃទីពីរ នៃទិវា អំណាន ជាតិ លើក ទី៥ ដែល ប្រារព្ធ ទៅ ៣ថ្ងៃគឺទី ៦-៨។
កញ្ញា ទូច បុប្ផា នាយិកា តម្រាឱ្យដឹងមុន នេះបន្តិចថា នៅស្តង់លេខ ២៣ នឹង មានការបញ្ចុះ តម្លៃ ពិសេសសម្រាប់ ការជាវដុំ ព្រមទាំងមានការ ដាក់ចេញ ដ៏គួរឱ្យភ្ញាក់ផ្អើល នូវ សៀវភៅ ថ្មីៗ មួយចំនួនទៀត។
“ស្នាមសាក់រូបខ្លា” បរិយាយពី យុវជនម្នាក់ ឈ្មោះ Tiger ដែលត្រូវអណ្ដែត ត្រសែតចាកចេញ ពី រង្វង់ គ្រួសារ ដែលពោរពេញ ទៅដោយអំពើហិង្សា។ ជីវិត ក្រៅសង្គម បានជម្រុញគេ ឱ្យសេពគប់មនុស្ស មិនល្អចូលក្រុមគ្រឿងញៀននិងចុង ក្រោយ ផុង ខ្លួន ជាប់ អន្ទាក់ ប្រព្រឹត្តិ បទល្មើស ជា ច្រើន ទៀត។ ចុងក្រោយគេបានព្យាយាមកែខ្លួនហើយចុងបញ្ចប់ នៃសាច់ រឿង គឺ ជាគតិ ដ៏ល្អ សម្រាប់ យុវវ័យទូទៅគួរ ស្វែងយល់និង ពិចារណា ៕