ភ្នំពេញ ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអះអាងថា នៅឆ្នាំ២០២០ កម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់ ទី២៥ ដែលមានស្ត្រីចូលរួម ក្នុងវិស័យសេដ្ឋកិច្ចជាតិ ក្នុងចំណោមប្រទេស ១៥៣លើសកលលោក ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងក្នុងពិធិអបអរសាទរ ទិវាអន្តរជាតិ នារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ថា កម្ពុជាការរីកចម្រើន ក្នុងសមភាពយេនឌ័រ ទទួលបានលទ្ធផល ជាវិជ្ជមានច្រើនលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល បានផ្តល់លទ្ធភាព ពិសេសក្មេងស្រី ស្រ្តី និងបុរសឲ្យមានសមភាពគ្នា និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត និងទស្សន របស់សង្គមជាតិ ។ ជាពិសេស នោះសង្គមគ្រួសារ បានផ្តល់ការអប់រំកូនស្រី និងកូនប្រុស នូវជំនាញបច្ចេកទេស និងមុខរបដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារខ្លួន។
លោកស្រីបន្តថា ក្នុងរយៈពេល២៥ឆ្នាំ ក្រោយការអនុវត្តផែនការសកម្មភាព នៃទីក្រុងប៉េកាំង និងការអនុវត្តផែនការ ស្តីពីសកម្មភាពស្តីពីប្រជាជន និងកិច្ចអភិវឌ្ឍន៍គំលាត យេនឌ័រកម្ពុជាត្រូវបានកាត់បន្ថយ ។
បើតាមលោកស្រី របាយការណ៍ពិភពលោកឆ្នាំ២០២០ បង្ហាញថា គំលាតយេនឌ័រ នៅកម្ពុជាបានថយចុះ ពីចំណាក់ថ្នាក់ទី១១២ ឆ្នាំ២០១៦ មកត្រឹមចំណាក់ថ្នាក់ទី៨៩ ឆ្នាំ២០២០ ក្នុងចំណោមប្រទេស១៥៣ ក្នុងពិភពលោក ដោយមូលហេតុចំបងចំនួន២ គឺការចូលរួមយ៉ាងសកម្ម របស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការលើកក ម្ពស់សុខភាពស្ត្រី និងក្មេងស្រី។
លោកស្រីបញ្ជាក់ថា “ឆ្នាំ២០២០នេះកម្ពុជាស្ថិតក្នុងចំណាត់ ថ្នាក់លេខទី២៥ ជាប្រទេសមានភាពរីកចម្រើនខ្លាំងលើ ការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច បើធៀបចំណាត់ ថ្នាក់ទី៤៥ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោមប្រទេស១៥៣ ។ ទន្ទឹមនឹងនោះការលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រីក៏ទទួលបានលទ្ធផលផងដែរ ដោយកម្ពុជាស្ថិតក្នុងចំណាត់ ថ្នាក់ទី៧៣ ក្នុងឆ្នាំ២០២០ ធៀបនឹងចំណាក់ថ្នាក់ទី១៥ ក្នុងឆ្នាំ២០១៨”។
រដ្ឋមន្ត្រីក៏បាន លើកឡើងទៀតថា ដោយមានការគាំទ្រ ពីប្រមុខដឹកនាំប្រទេស បានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន១០ ក្នុងសកលលោក ដែលសម្រេចបាននូវសមិទ្ធផល មុនគោលដៅនៃអភិវឌ្ឍន៍សហវត្សន៍ ពាក់ព័ន្ធនិងការលើកកម្ពស់ សុខភាពមាតា និង ទារក និងកាត់បន្ថយមរណភាព របស់ពួកគេ។
ក្នុងឱកាសនោះ លោកស្រី បានលើកឡើងថា ចំនួនស្ត្រីដែលចូលរួម ក្នុងវិស័យសាធារណៈ និងនយោបាយបើប្រៀបធៀប ទៅនឹងបណ្តាប្រទេស ចំនួន១៨ នៅក្នុងទ្វីអាស៊ីកម្ពុជា ស្ថិតក្នុងចំណោមទី១០ ដែលជាប្រទេសមានស្ត្រីច្រើនបំផុតក្នុងរដ្ឋសភា ។ ដោយឡែកសម្រាប់បណ្តាប្រទេសអាស៊ានកម្ពុជា ស្ថិតនៅលំដាប់ទី៥ ដោយនាំមុខឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងព្រុយណេ ៕
ដោយ ស សំណាង