ព័ត៌មានជាតិ

ចូលរួមគោរពច្បាប់! ចាប់ពីម៉ោង១១យប់ថ្ងៃ៩មីនា នគរបាល នឹងចុះរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក ក្នុងខណ្ឌទាំង១៤

ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រកាសថា ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១ដល់ម៉ោង ២និង៣០នាទី រំលងអធ្រាត្រ នគរបាលនឹងចុះរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តាគោលដៅនានា ក្នុងខណ្ឌទាំង ១៤ ។

ការប្រកាសនេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន លើកឡើងថា ឆ្នាំ ២០២០ នេះ គឺជា ឆ្នាំ ដែលត្រូវ រឹតបន្តឹងការ អនុវត្ត ច្បាប់ចរាចរណ៍ជាសំខាន់ ខណៈ សម្ដេចបានផ្តល់យោបល់ ឲ្យកែអនុក្រឹត្យជាមុនសិន ដើម្បីអនុញ្ញាតឲ្យ សមត្ថកិច្ចចោះបណ្ណបើកបរពី១ដង ទៅ៣ដង ហើយត្រូវដកសិទ្ធិបើកបរ ក្នុង រយៈពេល១ឆ្នាំឬ២ឆ្នាំ ចំពោះអ្នកបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង ។

ដោយឡែក ចំពោះអ្នកបើកបរ ដែលមានសារធាតុ ញៀន សម្ដេច ស ខេង បញ្ជាក់ ថា សមត្ថកិច្ច មិនបាច់និយាយច្រើនទេ គឺត្រូវដកហូត បណ្ណបើកបរ ហើយមិនអនុញ្ញាតឲ្យ ធ្វើការ បើកបរ អស់មួយជីវិត ដែលការណែនាំនេះ នឹងត្រូវអនុវត្តទាំងរថយន្ត និងម៉ូតូ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ។ ចំនួនមនុស្សស្លាប់២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់ ។ ចំណែកអ្នករង របួសចំនួន៦១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន១៣៧១នាក់ ៕

To Top