ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការកោតសរសើរ ពេញចិត្តពេញថ្លើម សមិទ្ធផលនានា ដែលយោធភូមិភាគទី៤ សម្រេចបានក្នុងឆ្នាំ២០១៩ ក្នុងការចូលរូមចំណែកថែរក្សា សុខសន្តិភាព ជូនជាតិមាតុភូមិ ។
ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៤ នាខេត្តសៀមរាប នៅ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៤ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងធានាបាននូវការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ព្រមទាំងការពង្រឹងការងារ អប់រំចិត្តសាស្ត្រ ដែលជាមូលដ្ឋានសំខាន់ នៅក្នុងការថែរក្សាសុខសន្តិភាពជាតិ ជាពិសេសការប្រកាន់ខ្ជាប់នូវជំហរច្បាស់លាស់ ស្មោះត្រង់នឹង ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ។
លោកមេទ័ពជើងគោក បានបញ្ជាក់បន្ថែមថា “ភាពម្ចាស់ការរឹងមាំក្នុងការឆ្លើយតបចំពោះគ្រប់បញ្ហាប្រឈមដែលកើតមានឡើង ដោយធានាបាននូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់វិស័យ ជាពិសេសកំណើនថេរនៃសេដ្ឋកិច្ចកម្ពុជា គឺមិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែក យ៉ាងសកម្ម និងការលះបង់ដ៏ធំធេង ពីសំណាក់កងយោធពលខេមរភូមិន្ទបានឡើយ” ។
លោកបន្ថែមថា “ដូច្នេះ ការបន្តធានាការពារនូវរាល់សមិទ្ធផលទាំងនេះ គឺជាកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារៈសំខាន់បំផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការអនុវត្តប្រកបដោយ ភាពម៉ឺងម៉ាត់ដាច់ខាត និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវនិរន្តរភាពសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាស សម្រាប់ការអភិឌ្ឍជាតិ”។
មិនតែប៉ុណ្ណោះ លោកក៏សូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ដោយប្រកាន់យកនូវការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ ៕