ព័ត៌មានជាតិ

អ្នកនាំពាក្យ សាលារាជធានី ៖ ជនជាតិចិន៣នាក់ នៅក្នុងខណ្ឌសែនសុខ ពុំមាន Covid-19ទេ គឺជាការភ័យខ្លាចខ្លួនឯង

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា ករណីមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៥មីនានេះ លើបុរសជនជាតិចិន៣នាក់ រស់នៅបុរីមួយកន្លែង ក្នុងខណ្ឌសែនសុខ គឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ គឺដោយសារបុរសជនជាតិចិន៣រូបនោះ មានការភ័យខ្លាច បារម្ភដោយខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគាត់ពុំមាន ជំងឺអ្វីនោះទេ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យបញ្ជាក់ថា ក្រោយពីទទួលបានពីព័ត៌មាន ករណីខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីសុខាភិបាល ព្រមទាំងអាជ្ញាធរមូល បានចុះទៅពិនិត្យមើលជាក់ស្តែង នៅក្នុងផ្ទះរបស់ជនជាតិចិន៣នាក់នោះ កាលពីរាត្រីថ្ងៃទី៥ មីនា កន្លងទៅនេះ។បន្ទាប់ពីក្រុមប្រតិបត្តិការ នៅធ្វើការសាកសួររួច ផ្នែកជំនាញសន្និដ្ឋានថា គឺពុំមានទាក់ទង និងវីរុសកូវីត១៩ (កូរ៉ូណាទេ) និងក្រុមប្រតិបត្តិការ បានផ្ដល់អនុសាសន៍ដល់ជនជាតិចិនទាំង៣នាក់ ខាងលើ អោយចេះអនាម័យ ពាក់ម៉ាសការពារពេលជួបមិត្តភក្តិ ដែលជាជនជាតិចិនដូចគ្នា ដែលមកពីប្រទេសចិន ពាក់ព័ន្ធតំបន់មានជំងឺ និងឲ្យចាប់អារម្មណ៍ពីអាការៈ នៃជំងឺមានសភាពដូចជាក្អក ហៀរសំបោរ មានកំដៅក្នុងខ្លួន ៣៨អង្សា ពិបាកដកដង្ហើម។ល។

តាមការសាកសួរ ជនជាតិចិន ទាំង៣នាក់ខាងលើ បាននិយាយថា ថៅកែពួកគេ បានហៅទូរស័ព្ទហៅគ្រូពេទ្យឯកជន នៅម្ដុំរតនផ្លាហ្សា (សង្កាត់ទឹកថ្លា) មកពិនិត្យមុនចូល ធ្វើការងាររត់តុនៅភោជនីយដ្ឋាន តែប៉ុណ្ណោះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ ខាងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ នឹងបន្តតាមដានលើជនជាតិចំនួន៣នាក់ ខាងលើទៀត។ ជាងនោះទៅទៀត ពាក់ព័ន្ធនឹងស្ថានភាពសុខភាព ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺលោកអភិបាលរាជធានីភ្នំពេញ បានតាមដាន យ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការ ជានិច្ចលើបញ្ហានេះ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវ និងស្នើសុំដល់បងប្អូន ប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំ ដូចករណីខាងលើនេះ និងដូចករណីផ្សេងៗកន្លងមក និងសូមមេត្តាកុំបន្តចែកចាយ នូវព័ត៌មានដែលមិនមានប្រភព ប្រាកដប្រជា ដែលទង្វើនេះ កាន់តែធ្វើឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ៕

To Top