ព័ត៌មានជាតិ

ឆ្នាំ២០២០ កម្ពុជា-ឡាវ បន្ដជំរុញឲ្យអាជ្ញាធរ ជាប់ព្រំដែន បង្កលក្ខណៈងាយ ស្រួលពលរដ្ឋ និងបង្ក្រាបបទល្មើសផ្សេងៗ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ បានប្ដេជ្ញាចិត្តថា នៅឆ្នាំ២០២០នេះ បន្ដជំរុញឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូល ប្រជាពលរដ្ឋទាំងពីរ ព្រមទាំងបន្ដសហការម៉ឹងម៉ាត់ ដើម្បីទប់ស្ដាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបញ្ហាផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជា-ឡាវ បានចុះហត្ថលេខា លើកំណត់ហេតុ ស្ដីពី កិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០២០ និងបានឯកភាពយកចិត្តទុក ដាក់បន្ដអនុវត្តកិច្ចការ សំខាន់មួយចំនួន រួមមាន ៖

ទី១-បន្ដជំរុញឲ្យអាជ្ញាធរខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរ ឲ្យសហការបង្កលក្ខណៈងាយស្រួលដល់ការ ចេញ-ចូល ឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញ ទៅមក ដើម្បីបម្រើដល់សេចក្ដី ត្រូវការនៃការអភិវឌ្ឍ និងការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន ព្រមទាំងសហការដោះស្រាយបញ្ហា ឬបាតុភាពផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយសន្ដិវិធី និងមានការយោគយល់គ្នាខ្ពស់។

ទី២-បន្ដសហការចាត់វិធានការម៉ឹងម៉ាត់ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពីរ ព្រមទាំងសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៌ទៅវិញទៅមក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ជាពិសេសជំរុញបង្កើត ភូមិ-ឃុំ និងសាលារៀន គ្មានគ្រឿងញៀន នៅតាមតំបន់ព្រំដែន។

និងទី៣-បន្ដជំរុញចាត់វិធានការតឹងរឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់ ព្រមទាំងបន្ដកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាប់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗ ដោយសន្ដិវិធី ឈរលើគោលការណ៍គោរឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញ ទៅមក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ បញ្ជាក់ថា លោក ថងលុន ស៊ីសូលីត នាយករដ្ឋមន្ដ្រីឡាវ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង កម្ពុជា-ឡាវ ដែលបានរួមចំណែករឹតចំណងមិត្តភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ និងសន្ដិសុខ កាន់តែរឹងមាំថែមទៀត។

បន្ថែមពីនេះ កម្ពុជា-ឡាវ បានធ្វើការកត់សម្គាល់នូវសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ដែលជារូមការរួមចំណែកមិនអាចខ្វះបានក្នុងបុព្វហេតុ នៃការថែរក្សាសន្ដិសុខជូនជាតិ និងប្រជាពលរដ្ឋ ជាពិសេសការបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ សំដៅបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។

សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទស្សនៈកិច្ចនៅឡាវ ចាប់ពីថ្ងៃទី៤-៦ មីនា ៕

ដោយ ៖ អេង ប៊ូឆេង

To Top