ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានថ្លែងការកោតសរសើរស្នាដៃ កងពលតូចអន្តរាគមន៍លេខ១ ដែលសម្រេចបានក្នុងឆ្នាំ២០១៩ ក្នុងការពារជាតិ សន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីបូកសរុប លទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង នាថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរ ចំពោះស្នាដៃ និងសមិទ្ធផលការងារ របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១ ដែលសម្រេចបាន នៅក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី, ការថែរក្សាសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈបានល្អប្រសើរ ក៏ដូចជាការដឹកនាំគ្រប់គ្រងកម្លាំង ប្រមូលផ្តុំមានរបៀបរៀបរយ ធានាបាននូវប្រសិទ្ធភាពនៃការងារហ្វឹកហ្វឺន និងការត្រៀមអន្តរាគមន៍ តាមបទបញ្ជាជាពិសេស ការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ដោយមានការចូលរួមខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងកងពល។ ទាំងនេះ បានបង្ហាញឱ្យឃើញច្បាស់ អំពីស្មារតីម្ចាស់ការរឹងមាំ របស់អង្គភាព ទន្ទឹមនឹងការចូលរួមជួយឧបត្ថម្ភគាំទ្រ មួយផ្នែករបស់អង្គភាពសម្ព័ន្ធមេត្រីភាព។
លោកបន្តថា ការងារហ្វឹកហ្វឺន គឺជាការអាទិភាពចាំបាច់ ក្នុងនោះ កម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជាប់ជាប្រចាំ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ ដូច្នេះការហ្វឹកហ្វឺន ព្រមទាំងការផ្ទេរបទពិសោធន៍ជាក់ស្តែង និងចំណេះជំនាញពីនាយទាហានជំនាន់មុន ក៏ជាកត្តាកំណត់មួយផងដែរ ដើម្បីធ្វើឱ្យនាយទាហានយើងខ្លាំង កងទ័ពយើងខ្លាំង។ ចំពោះកងពលតូចអន្តរាគមន៍ អាទិភាពការងារ ត្រូវផ្តោតជាសំខាន់លើការកសាងពង្រឹងក្នុងអង្គភាព, រៀបចំសាលាហ្វឹកហ្វឺន, ពង្រឹងទីកន្លែងហ្វឹកហ្វឺន, ជំរំជម្រកស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាគ្រឿងបំពាក់ និងមធ្យោបាយដឹកជញ្ជូន ដែលចាំបាច់បម្រើឱ្យការងារហ្វឹកហ្វឺន។
លោកមេទ័ព បញ្ជាក់ថា ការងារគ្រប់គ្រងកម្លាំង ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ជាពិសេសការគ្រប់គ្រងកម្លាំង ដែលមានស្រាប់ ។ កម្លាំងតិច ប៉ុន្តែត្រូវផ្តោត លើគុណភាពនៃការបែងចែកកម្លាំង ។ ពិតណាស់ បរិមាណ និងគុណភាព គឺជាកត្តាមួយ ប៉ុន្តែអ្វីដែលសំខាន់ផងដែរ គឺ “គុណភាពនៃបរិមាណ”។ បរិមាណ គឺចំនួននៅលើឯកសារ។ គុណភាព គឺផ្អែកលើសមត្ថភាពរបស់យោធិនម្នាក់ៗ។ ដោយឡែក “គុណភាពនៃបរិមាណ” គឺមិនសំដៅត្រឹមតែទៅលើសមត្ថភាពរបស់យោធិនម្នាក់ៗនោះទេ។ ប៉ុន្តែវាទាក់ទងជាចម្បងលើការចាត់តាំង គឺការចាត់តាំងឱ្យត្រូវ ហ្វឹកហ្វឺនឱ្យត្រូវ ដើម្បីធានាបាននូវ “គុណភាពនៃបរិមាណ” មួយដែលត្រឹមត្រូវ ក្នុងនោះ ត្រូវមានការចាត់តាំងនាយទាហានដែលមានជំនាញឱ្យត្រូវគោលដៅ ហើយចំពោះនាយទាហានដែលកំពុងបម្រើការ ក៏ត្រូវបំប៉នពង្រឹងឱ្យចំគោលដៅផងដែរ។
បន្ថែមលើសនេះ លោក ក៏សូមអរគុណអង្គភាពសម្ព័ន្ធមេត្រីភាព ដែលតែងបានជួយឧបត្ថម្ភ គាំទ្រដល់កងពលតូច អន្តរាគមន៍លេខ១ រហូតអង្គភាព មានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែង ចំពោះមុខមួយចំនួន ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការពង្រឹង កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃខឿនការពារជាតិ ៕