ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា បិទសាលា តែនៅទីក្រុងសៀមរាប មិនមែនបិទ ទូទាំងខេត្តឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ គឺមិនមែន បិទនៅទូទាំងខេត្តសៀមរាបឡើយ ដូច្នេះសាធារណៈជន កុំមានការយល់ច្រលំទៀត។

សម្ដេចតេជោ បញ្ជាក់បែបនេះ ក្រោយពីសាធារណៈជន មួយចំនួន យល់ច្រលំថា សម្ដេច បញ្ជាឲ្យបិទសាលារៀន ទូទាំងខេត្តសៀមរាប ក្រោយរកឃើញ ជនជាតិខ្មែរម្នាក់ នៅសៀមរាប ឆ្លងវិរុស កូវីដ-១៩ ពីបុរសជនជាតិជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរខំមិន នៅក្នុងហ្វេសប៊ុក នៅរាត្រីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ថា “សូមបញ្ជាក់ឡើងវិញ ឲ្យច្បាស់ ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ មិនមែនទូទាំងខេត្តសៀមរាប នោះឡើយ។គោលដៅនៃការបិទ គឺដើម្បីការពារកុមារ ដែលមិនចេះវិធីការពារខ្លួន។ សង្ឃឹងថា មាតាបិតា អាណាព្យាបាល ខិតខំឲ្យកូនទៅខិតខំរៀននៅផ្ទះ ក្នុងរយៈពេល នៃការបិទសាលា ជាបណ្ដុះអាសន្ននេះ”។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ មីនា នេះបានឲ្យដឹងថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងអស់ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ។ វិធានការនេះ ជាការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវិដ-១៩ បន្ទាប់ពីមានការរកឃើញ ករណីមេរោគនេះ នៅលើបុរសជនជាតិខ្មែរមួយរូប ដែលប៉ះពាល់ផ្ទាល់ ជាមួយជនជាតិជប៉ុន មានផ្ទុកមេរោគ កូវីដ-១៩ ហើយបានចាកចេញ ពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្មីៗនេះ៕

ដោយ ៖អេង ប៊ូឆេង

To Top