នយោបាយ

ក្នុងឱកាសសិទ្ធិនារី ! សម្ដេច តេជោ ថាមានសន្តិភាព ទើបមានការលើកកម្ពស់ សមភាពយេនឌ័រ

ភ្នំពេញ៖ មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ គឺជាប្រធានបទ ដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ដែលជាការបង្ហាញ ឲ្យឃើញពីការដើរតួនាទី យ៉ាងសំខាន់ របស់សុខសន្តិភាព។ នេះជាប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ថាសូមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ឆ្នាំ២០២០។

សម្ដេច បន្ដថា សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មី ក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្ដេច ថាចាប់តាំងពីថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបាន ជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នង សេដ្ឋកិច្ចជាតិ»។

សម្ដេច មានប្រសាសន៍ថា “មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ដែលជាការបង្ហាញ ឲ្យឃើញពីការដើរតួនាទី យ៉ាងសំខាន់របស់សុខ សន្តិភាព នៅក្នុងសង្គមជាតិ”។

សម្ដេច បញ្ជាក់ថា ជាពិសេសសុខសន្តិភាព ដែលបានកម្ពុជា​ រកបានយ៉ាងលំបាក ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ជាបុព្វលក្ខខណ្ឌ មិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែក ជួយដល់ការលើកកម្ពស់ សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឲ្យស្ត្រី មានតម្លៃកាន់តែខ្ពស់ឡើង នៅក្នុងសង្គម។

សូមរំលឹកថា ទិវាអន្តរជាតិ នារី ៨ មីនា ត្រូវបានពិភពលោក ប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុត ពីទង្វើជិះជាន់នានា៕ ដោយ៖ អេង ប៊ូឆេង

To Top