ព័ត៌មានជាតិ

ក្រសួងការពារជាតិ​ បន្តអះអាងថា សមយុទ្ធនាគមាស ឆ្នាំ២០២០ នឹងធ្វើឡើង ដូចការគ្រោងទុក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានអះអាងថា “សមយុទ្ធនាគមាសឆ្នាំ២០២០” ដែលប្រារព្ធរួមគ្នា រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើឡើង តាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅលាហ្វឹកហ្វឺន តេជោសែន ជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានសរសេរបន្ថែម លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ មីនា នេះថា សមយុទ្ធនាគមាស លើកទី៤នេះ នឹងមានកម្លាំងចូលរួម ជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិន មានកងទ័ពចូលរួម សរុប ២៦៥នាក់ ចំណែកភាគីកម្ពុជា មានកម្លាំងចូលរួម ២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌ សម្រាប់បំពាក់ ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។

“សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់ លើការប្រឆាំងភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះ ប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញ ភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំជាពិសេស កិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជនចិន ខណៈដែល មិត្តភាពជាដែកថែប រឹងមាំ ជាងដំណាក់កាលណាៗ ទាំងអស់ របស់ប្រទេសទាំងពីរ ត្រូវបានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធបិតី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

គួរបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាព នៃការធ្វើសមយុទ្ធ ក៏កាន់តែធំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕

To Top