ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖​ លោកគ្រូ អ្នកគ្រូ ជាមាតាបិតា ទី២ ដែលយើងគួរតែចងចាំ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទីពី ដែលប្អូនៗ សិស្សានុសិស្ស ក៏ដូចជាយើងទាំងអស់ គួរតែចងចាំ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាពេលសំណេះសំណាល ក្នុងពិធីរំលឹកគុណគ្រូ ធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅវត្តមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ពិធីរំលឹកគុណគ្រូ ដែលបានធ្វើនៅពេលនេះ គឺជាការប្រសើរណាស់ ដែលលោកគ្រូ អ្នកគ្រូត្រូវបានចាត់ទុកថា បើទោះជាយើង មានចំណេះដឹង រហូតមានការងារធ្វើខ្ពង់ខ្ពស់ សូមកុំភ្លេច លោកគ្រូ អ្នកគ្រូ នៃថ្នាក់បឋមសិក្សារបស់យើង ដែលជាប្រភពចំណេះដឹងដំបូង ដែលយើងទទួលបាន ។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ ណែនាំឱ្យប្អូនៗ សិស្សានុសិស្ស ត្រូវចេះសេពគប់មិត្តភក្កិ ដែលល្អ នាំគ្នាខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ហើយពេលនៅផ្ទះត្រូវចេះ ជួយធ្វើកិច្ចការ ឪពុកម្ដាយផងដែរ ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងថា សមិទ្ធផលទាំង ឡាយ និងសេចក្តីសុខសាន្ត ដែលយើងកំពុងមានសព្វថ្ងៃនេះ ដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ដូច្នេះសុខសន្តិភាពនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាទាំង អស់គ្នា ដើម្បីឲ្យប្រទេសជាតិយើង មានភាពចម្រុងចម្រើន ជឿនលឿន តទៅប្អូនៗជំនាន់ក្រោយៗទៀត នាពេលអនាគត៕

To Top