ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ការរៀបចំ មុខតំណែង ថ្នាក់ក្រោមជាតិ ត្រូវមានការ យោគយល់គ្នា រវាងអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការរៀបចំបេក្ខជនមុខតំណែង ថ្នាក់ក្រោមជាតិ ទាមទារឲ្យមាន ការសម្របសម្រួល និងការយោគយល់គ្នារវាង អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សា ប្រធានក្រុមការងារ ដើម្បីឲ្យការតែងតាំង មន្ត្រីនៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយរលូន។ យោងតាមគេហទំព័រ ហ្វេសប៊ុក សម្ដេច ស ខេង ។

ក្នុងបទឧទ្ទេសនាមជូន ថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីប្រធានបទពាក់ព័ន្ធ នឹងរបៀបរបបការងារ និងនីតិវិធីនៃរៀបចំផ្គួផ្គង ជ្រើសរើសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងបរិបទ នៃការធ្វើកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី៧ មីនា សម្ដេច ស ខេង បានឲ្យដឹងថា ការរៀបចំមុខតំណែង ថ្នាក់ក្រោមជាតិ ត្រូវធ្វើយ៉ាងណា រក្សាសាមគ្គីភាព ក្នុងពេលបំពេញភារកិច្ចបំរើជាតិ និងប្រជាជន។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចមានប្រសាសន៍ថា “នៅក្នុងដំណើរការ នៃការផ្គូផ្គងរៀបចំ បេក្ខជនសម្រាប់មុខតំណែងនានា នៅថ្នាក់ក្រោមជាតិ ទាមទារឲ្យមាន ការសម្របសម្រួល និងការយោគយល់គ្នា ទៅវិញទៅមក ប្រកបដោយសុភវិនិច្ឆ័យ រវាងអភិបាល ប្រធានក្រុមប្រឹក្សា ប្រធានក្រុមការងារ ដើម្បីឲ្យការតែងតាំង មន្ត្រីនៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយរលូន និងរក្សាបានសាមគ្គីភាព ក្នុងការបំពេញភារកិច្ច បំរើជាតិ និងប្រជាជន”៕ ដោយ៖ អេង ប៊ូឆេង

To Top