កំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងរយៈពេលដែលលោក កាន់តំណែងជាស្នងការ នគរបាលខេត្តកំពង់ចាម បានសង្កេត ឃើញថា បេក្ខនារីបានដាក់ពាក្យប្រលង ចូលជាមន្ត្រីនគរបាលជាតិ យ៉ាងច្រើនគួរ ឲ្យកត់សម្គាល់ រហូតមកដល់បច្ចុប្បន្ននេះបេក្ខនារី ដែលប្រឡងជាប់ជាមន្ត្រីនគរបា លជាតិមានចំនួនរហូតដល់ទៅ ៤៥ ភាគ រយជិតស្មើ នឹងបេក្ខជនដែរ ។
លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ០៩ខែមីនាឆ្នាំ ២០២០ ក្នុងពេលប្រារព្ធពិធី ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទមានសុខសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ធ្វើនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតី ភាព លោកស្រី ញូង ចរិយា ប្រធានកិត្តិយស សមាគមនារីខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានមានប្រសាសន៍បន្តថា វាជាមោទនភាពមួយ ក្នុងការលើកកម្ពស់ សមភាពយេន ឌ័រ ដែលមានបេក្ខនារីចូលរួម ប្រលងជាប់បានច្រើនជាមន្ត្រីនគរបាលជាតិ ។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទទួលបានមន្ត្រីក្របខ័ណ្ឌថ្មីចំនួន ១០០ នាក់ក្នុងនោះស្ត្រី ៣៥ នាក់ ។ សម្រាប់ការតែងតាំងមុខតំណែង និងដំឡើងឋាន ន្តរសក្កិ អង្គភាពនគរបាលបានចាត់តាំង មានមុខតំណែង ៤៦នាក់ និងការដំឡើងឋានន្តរស័ក្កិ រហូតដល់ ១៣៩នាក់ ។
ស្របជាមួយគ្នានេះ អង្គភាពស្នងការនគរបាលខេត្តកំពង់ចាម កំពុងជំរុញឲ្យមានសមាសភាពនារី មានឋានៈជាថ្នាក់ ដឹកនាំតាមការិយាល័យជំនាញ និងតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុក-ក្រុង ជាអធិការរង ឬជា មេប៉ុស្តិ៍រដ្ឋបាល នាពេលខាងមុខ ។
ក្នុងការសំណេះសំណាល ជាមួយមន្ត្រីនគរបាល ក្នុងឱកាសទិវាសិទ្ធិនារី ៨មិនានោះ អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី បានថ្លែងរំលឹកដល់សមត្ថកិច្ច សូមឱ្យខិតខំបន្ថែមទៀត ទាក់ទងទៅនឹង ការងារបំបាត់អំពើហិង្សា ដែលមានបួនប្រភេទ *១ អំពើហិង្សាផ្លូវកាយ *២ អំពើហិង្សាផ្លូវចិត្ត *៣ អំពើហិង្សាផ្លូវភេទ *៤ អំពើហឹង្សាទាក់ទងទៅនឹងសេដ្ឋកិច្ច។
ទាក់ទិនទៅនឹងអំពើហិង្សាខាងលើនោះ លោកស្រី អភិបាលរងខេត្តបានលើក ឡើងថា ក្នុងឆ្នាំ ២០២០ ថ្មីៗនេះ មានករណីរំលោភសេពសន្ធវៈ ទៅលើក្មេងស្រីអនីតិជន កើតឡើងនៅស្រុកបាធាយ ដែលធ្វើឲ្យក្មេងស្រីអាយុ ១០ឆ្នាំនោះ កើតនូវជំងឺភ័យខ្លាច បាក់ស្បាត ដោយសារតែការរំលោភ លើរាងកាយរបស់នាង ។ ដោយឡែកមួយករណីទៀត គឺបុរសវ័យអាយុ ៦៨ ឆ្នាំ បានចាប់ក្មេងស្រីសិស្ស សាលា នៅក្នុងបន្ទប់ទឹក បំរ៉ុងរំលោភសេពសន្ទវៈ ក៏ប៉ុន្តែមិនបានសម្រេចដោយ សារក្មេងស្រីរើបម្រះរួច ។
លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា ការលើកឡើងនូវអំពើហិង្សានេះ លោកស្រី មានចេតនាអំពាវនាវ មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋាន សូមជួយមានវិធានការ ដើម្បីទប់ស្កាត់ នៅរាល់អំពើហិង្សា ជាពិសេសអំពើហិង្សា ទៅលើផ្លូវភេទក្នុងខេត្តកំពង់ចាម ។ ហើយករណី នេះក៏ជាប្រធានបទមួយ ដែលក្រសួងកិច្ច ការនារីបានលើក ឡើងនៅក្នុងឆ្នាំ ២០២០ នេះដែរ ៕