ព័ត៌មានជាតិ

សម្ដេច ស ខេង៖ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួនច្រើនជាងអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួន មានការភ័យខ្លាច ជំងឺកូវីដ-១៩ ច្រើនជាង ខ្លាចគ្រោះថ្នាក់ចរាចរណ៍នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រៀបធៀបថា គ្រោះថ្នាក់ចរាចរណ៍ មានច្រើនជាង ជំងឺកូវីដ-១៩ ទៅទៀត ដូច្នេះពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តស្នាយសរ នៅស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០សម្ដេច ស ខេងបានប្រសាសន៍ ថា ជំងឺ កូវីដ-១៩ មានប្រភេទដើមចេញមកពី ទីក្រុងវូហាន ប្រទេសចិន ក្រោយមក រីករាលដាល ទៅបណ្ដាប្រទេសផ្សេងៗទៀត និងពិភពលោក ខណៈកម្ពុជាទើបតែមាន១ករណី។

សម្ដេចបន្ដចោទសួរ និងបកស្រាយថា ជំងឺ កូវីដ-១៩ មិនច្រើនច្រើនប៉ុន្មានទេ ដោយសារតែមនុស្សមួយចំនួន មានការភ័យខ្លាចយ៉ាងខ្លាំង ហើយភ័យខ្លាដោយសារអ្វី? ដោយសារ រកឃើញថ្នាំមិនទាន់ ជាប្រភេទជំងឺថ្មី។សម្ដេចថា ជំងឺផ្ដាសាយធម្មតា មានមនុស្សស្លាប់ច្រើនជាងជំងឺកូវីដ១៩ផង ជាពិសេស ចាស់ៗនៅអឺរ៉ុប។

សម្ដេច ស ខេង មានប្រសាសន៍ថា «ជំងឺនេះ (កូវីដ-១៩) មិនទាន់មានថ្នាំដើម្បីព្យាបាល ហើយចិនប្រកាសរកឃើញហើយ ដំណាក់កាលដំបូងប្រើនៅចុងខែនេះ (មីនា) វ៉ាក់សាំងការពារ ដើម្បីការពារជំងឺកូវីដ-១៩ ហើយប្រទេសផ្សេងៗ គេកំពុងរកដែល រហូតមកដល់ពេលនេះរកមិនឃើញ។ បើប្រៀបធៀបជាមួយ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងផង ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍អត់ឆ្លង បើស្លាប់ដោយសារឆ្លងផ្លូវ ប៉ុន្ដែវាអត់ឆ្លងទៅអ្នកដទៃ»។
ដើម្បីការពារជំងឺ កូវីដ-១៩ សម្ដេច ស ខេង អំពានាវ ឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវរក្សាអនាម័យគ្រប់ពេលវេលា ជាពិសេស ត្រូវលាងដៃឲ្យបាន ៣-៤ ដងក្នុង១ថ្ងៃ ៕ ដោយ៖អេង ប៊ូឆេង

To Top