ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ថ្លែងអំណរគុណ ប្រមុខរាជរដ្ឋាភិបាល ចំពោះការសំណូមពរឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយបងបង្កលក្ខណៈងាយស្រួល​ ដល់បងប្អូនកម្មករ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសំណូមពរឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយបងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនៅក្នុងកាលៈទេសៈ ដែលពួកគាត់ត្រូវព្យួរការងារ ដោយសារតែរោងចក្រខ្វះវត្ថុធាតុដើម ដែលបណ្ដាលមក ពីការផ្ទុះរីករាលដាល ជាសកលនៃវីរុស COVID-19។

លោក ប៉ាវ ស៊ីណា បានចេញមុខថ្លែងអំណរគុណបែបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសឱ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាទាំងអស់ លើកលែងការប្រាក់ដល់ កម្មករ-កម្មការិនី ដែលខ្ចីបុល ដើម្បីកាត់បន្ថយការលំបាករបស់ពួកគេ ក្នុងពេលត្រូវព្យួរការងារ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុងនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនានេះ សម្តេចហ៊ុន សែន លើកឡើងថា ការពន្យារការសងប្រាក់ ក៏ត្រូវតែធ្វើ ហើយការលើកលែងការប្រាក់ដល់កម្មករ ក៏ត្រូវតែធ្វើឡើងជាមួយគ្នានេះផងដែរ។

ទាក់ទងនឹងករណីនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលយល់ពីសុខទុក្ខបងប្អូនកម្មករនិយោជិត នៅក្នុងកាលៈទេសៈ ដែលពួកគាត់ត្រូវព្យួរការងារ ដោយសារតែរោងចក្រខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការផ្ទុះរីករាលដាល ជាសកលនៃវីរុស COVID-19។

លោក ប៉ាវ ស៊ីណា ៖ «ក្នុងនាមខ្ញុំ តំណាងឲ្យកម្មករនិយោជិតម្នាក់ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបនូវសំណូមពរពីរចំណុច បន្ថែមលើវិធានការ របស់ក្រសួងការងារ។ ទន្ទឹមនឹងនេះ ខ្ញុំក៏ស្នើឲ្យក្រសួងការងារ តាមដានដោយយកចិត្តទុកដាក់ ឲ្យនិយោជកអនុវត្ត ឲ្យបានពេញលេញ នូវសេចក្តីអំពាវនាវរបស់ខ្លួន និងសំណូមពរឲ្យភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជួយបងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករផង។»

នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិនោះដែរ សម្តេច ហ៊ុន សែន ក៏បានបញ្ជាឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ឱ្យធ្វើការប្រជុំពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ជូនដល់កម្មករ កម្មការិនីខ្មែរ។ ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យារ ការសងប្រាក់ដល់កម្មករ-កម្មការិនី នៅក្នុងពេលពួកគេ កំពុងត្រូវបានព្យួរការងារ ដោយសារតែខ្វះវត្ថុធាតុដើម៕

To Top