ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំនូវអាហារ ក្នុង ១ឆ្នាំ ចំនួន ៤លើក សម្រាប់ក្មួយៗ ជាកុមារពិការភ្នែក គថ្លង់ និងកុមារកំព្រា

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល គ្រោងនឹងរៀបចំនូវអាហារ ក្នុង ១ឆ្នាំ ចំនួន ៤លើក សម្រាប់ក្មួយៗ ជាកុមារពិការភ្នែក គថ្លង់ និងកុមារកំព្រា នៅខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពេល រួមដំណើរជាមួយ លោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខាសមា គមនារីកម្ពុជា ដើម្បី អភិវឌ្ឍខេត្តកំពង់ចាម ព្រមទាំង សហការី ក្នុងឱកាសជួបជុំសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារ ១ពេល សម្រាប់ក្មួយៗ កុមារពិការភ្នែក គថ្លង់ និងកុមារកំព្រា ខេត្តកំពង់ចាម នៅវិទ្យាល័យអប់រំពិសេស ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមីនា ឆ្នាំ២ ០២០ ។

លោកអភិបាលខេត្តបានថ្លែងថា ការរៀបចំជាពិធីជួបជុំ និងពិធីសំណេះសំណាលនេះឡើង ក៏ដើម្បី បានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជា ការលើក កម្ពស់ដល់ជនពិការភាព ដោយការមិនទុកឲ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺ យើងត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណា ដើម្បី ឲ្យក្មួយៗមានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ ផងដែរ ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ ដោយសេចក្ដីអាណិតអាសូរ ចំពោះ ក្មួយៗកុមារ ជាជនពិការភាព និងក្មួយកុមារកំព្រា លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី រួមជាមួយសប្បុរសជន តែងរៀបចំនូវអាហារសាមគ្គី សម្រាប់ក្មួយៗកុមារកំព្រា និងកុមារពិការភ្នែក គរថ្លង់ ក្នុង ១ឆ្នាំ ចំនួន ២លើក គឺ ៖ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ១លើក និងមួយលើកទៀត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

ក្រៅពីនោះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់ជូនជាស្បៀង សម្ភារៈ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បី ផ្គត់ផ្គង់ទៅដល់ជីវភាពរស់នៅរបស់ក្មួយៗ ក៏ដូចជា លោកគ្រូ អ្នកគ្រូ នៅមណ្ឌលកុមារកំព្រា និងវិទ្យាល័យអប់រំពិសេស ផងដែរ ៕

To Top