ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ៖ការចូលរួមដ៏ច្រើនកុះករ ក្នុងទិវា ASEM Day បង្ហាញពីទំនុកចិត្ត លើរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ការចូលរួមដ៏ច្រើនកុះករ របស់អ្នកទំាងអស់គ្នា ក្នុងទិវា ASEM Day ថ្ងៃនេះ ជាការបង្ហាញនូវទំនុកចិត្ត មកលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជាបង្ហាញនូវការចូលរួមចំណែក ដល់ការរក្សាភាពប្រក្រតី នៅក្នុងប្រទេស ក្នុងកាលៈទេសៈដែល កម្ពុជាកើតមានករណីឆ្លងកូវីដ១៩ នេះលើបុរសជនជាតិខ្មែរ ម្នាក់នៅខេត្តសៀមរាប ។

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល រកឃើញកូវីដ-១៩ នៅលើជនជាតិខ្មែរម្នាក់ ជាលើកដំបូង បន្ទាប់ពីក្រសួង បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធ ជាមួយជនជាតិជប៉ុនម្នាក់ ឆ្លងមេរោគកូរ៉ូណា ដែលចាកចេញ ពីខេត្តសៀមរាប ទៅជប៉ុន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់វៀតណាម ។

ក្នុងឱកាសអញ្ជើញ អបអរសាទរទិវា ASEM DAY ស្តីពី ”កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០” នាព្រឹកថ្ងៃទី១០ មីនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានមកឃើញការជួបជុំដ៏ធំបែបនេះ ដើម្បីអបអរសាទរទិវា ASEM DAY នៅព្រឹកនេះ ក្នុងពេលដែល ពិភពលោកកំពុងរវល់ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាដែលគេឲ្យឈ្មោះផ្លូវការថា កូវីដ-១៩ (COVID-19) ហើយមានព្រឹត្តិការណ៍ផ្លូវការ និងសន្និសីទជាច្រើនដែលបានគ្រោង រៀបចំទុកជាមុនអស់ជាច្រើនខែ នៅតាមតំបន់នានាទូទាំងពិភពលោក ត្រូវបានលុបចោល ឬពន្យារពេលដោយសារការភ័យខ្លាច ការរីករាលដាលនៃវីរុសនេះ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ពាក់ព័ន្ធនឹងកម្ពុជាវិញ ក៏មានរឿងបែបនេះដែរ តួយ៉ាងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅឡាសវេហ្គាស ដែលបានត្រៀមធ្វើឡើងនៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រូវលើកទៅពេលក្រោយ។ លោកថា កម្ពុជាក៏បានលើកពេល នៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប (ASEM SOM Retreat) ផងដែរ ដោយសារតែវិបត្តិវីរុសនេះនៅអឺរ៉ុប។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា «មកដល់ពេលនេះប្រទេសយើង ជួបប្រទះករណីតិចតួចបំផុត ប៉ុន្តែរាជរដ្ឋាភិបាលកំពុង ចាត់វិធានការយ៉ាងប្រុងប្រយ័ត្នទុកជាមុន ដើម្បីប្រយុទ្ធប្រឆាំងនឹង បញ្ហានេះហើយយើងកំពុងតែ សហការជាមួយអង្គការសុខភាព លំដាប់ពិភពលោកនានាផងដែរ។ ការចូលរួមដ៏ច្រើនកុះកររបស់ អ្នកទំាងអស់គ្នានៅថ្ងៃនេះ គឺជាការបង្ហាញនូវទំនុកចិត្ត របស់អ្នកទាំងអស់គ្នា មកលើកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាបង្ហាញនូវការចូលរួមចំណែក ដល់ការរក្សាភាពប្រក្រតីនៅក្នុង ប្រទេស។ យ៉ាងណាក៏ដោយជីវិត ត្រូវតែបន្តទៅមុខទៀត» ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកជាសំណួរថា ហេតុអ្វីក៏វិបត្តិ COVID-19 ជាសកលនេះ មានភាពពាក់ព័ន្ធ និងមានអត្ថន័យជ្រាលជ្រៅ ចំពោះការរៀបចំទិវា ASEM DAY នៅកម្ពុជានាថ្ងៃនេះ? ហេតុអ្វីបានជាកិច្ចប្រជុំ ASEM មានសារៈសំខាន់ខ្លាំងមិនមែន គ្រាន់តែសម្រាប់កម្ពុជា ប៉ុន្តែគឺសម្រាប់ទ្វីបអាស៊ី-អឺរ៉ុប រួមទាំងពិភពលោកទាំងមូលផងដែរ ។

លោកថា ដូចជាបញ្ហាវីរុសនេះ បញ្ហាឆ្លងប្រទេស និងបញ្ហាប្រឈមនានាជាច្រើន មិនអាចដោះស្រាយបាន ដោយប្រទេសតែមួយនោះទេ មិនថាប្រទេសនោះធំប៉ុណ្ណា និងមានធនធានច្រើនយ៉ាងណានោះទេ ។ ជាក់ស្ដែងដូចជាករណីប្រទេសចិន ក្នុងការព្យាយាមទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណា និងការសុំជំនួយនិងកិច្ចសហការ ពីបណ្តាប្រទេសជុំវិញពិភពលោក ហើយប្រទេសជាច្រើន បានផ្តល់កិច្ចសហប្រតិបត្តិការទប់ស្កាត់វីរុស គឺពិតជារឿងគួរឱ្យស្ងើចសរសើរខ្លាំងណាស់ ។

ដោយឡែកពីបញ្ហាកូវីដ១៩ លោកឧបនាតករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ចាប់តាំងពីឆ្នាំ ២០០៤ ជាឆ្នាំដែលយើងបានក្លាយជា ដៃគូរបស់ ASEM យើងបានចូលរួមចំណែក យ៉ាងសកម្មលើសសរស្តម្ភទាំងអស់ ដែលបានដាក់ចេញដោយកិច្ចប្រជុំ ASEM ដើម្បីធ្វើឱ្យវេទិកាសម្រាប់ កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុបនេះ កាន់តែប្រកបដោយថាមវ័ន្ត។

លោកថា ក្នុងនាមជារដ្ឋតូច ប៉ុន្តែមានអធិបតេយ្យដូចគេឯង យើងផ្ដល់តម្លៃខ្ពស់ចំពោះ គោលការណ៍ស្នូលនៃភាព មិនផ្លូវការ ការបត់បែន និងការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីនៃកុងសង់ស៊ីស និងភាពជាដៃគូ ស្មើភាពគ្នា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការចូលរួមជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារសំខាន់ណាស់ សម្រាប់ ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ បច្ចុប្បន្ននេះ ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការ ដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៦០%នៃប្រជាជនពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក។ ASEM បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាព សង្គម។ ពិតណាស់ ASEM បានក្លាយជាគ្រឹះដ៏សំខាន់មួយ នៃប្រព័ន្ធពហុភាគីនិយម និងអភិបាលកិច្ចសកល។

លោកឧបនាយករដ្ឋមន្ត្រីថា ការប្រារព្ធពិធីអបអរសាទរទិវា “ASEM Day” នៅឆ្នាំនេះពិតជាពិសេស និងវិសេសវិសាលបំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានដាក់ចេញនូវមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” សម្រាប់កិច្ចប្រជុំកំពូលលើកនេះ។ មូលបទនេះផ្តោតសំខាន់លើ ការរួមបញ្ចូលគ្នានៃ ទស្សនៈសំខាន់ៗចំនួនបួនគឺ ពហុភាគីនិយម កំណើនការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាព ដែលនឹងរួមចំណែកពង្រឹង ភាពជាដៃគូអាស៊ី-អឺរ៉ុប ដើម្បីធានាថា ពហុភាគីនិយមនាំមកនូវ កំណើនប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួម។

លោកឧបនាយករដ្ឋមន្ត្រី បន្តថាការជ្រើសរើសមូលបទនេះ ដោយសារតែភាពពាក់ព័ន្ធ របស់វាត្រូវនឹងពេលបច្ចុប្បន្ននេះ ស្របពេលដែលបច្ចុប្បន្ននេះ វីរុស COVID-19 នៅតែល្បីរន្ទឺលើបណ្តាញព័ត៌មាន យើងក៏បានទទួលព័ត៌មាន ជារៀងរាល់ថ្ងៃផងដែរ ពាក់ព័ន្ធប្រព័ន្ធពហុភាគីនិយម កំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារតែ ការកើនឡើងនូវឯកតោភាគីនិយម ការគាំពារនិយម និងនយោបាយប្រជាភិថុតនិយម ដែលបានបង្កឱ្យមានការគំរាមកំហែង និងមានភាពមិនប្រាកដប្រជា ដល់សេដ្ឋកិច្ចសកល។ យើងក៏បានមើលឃើញផងដែរ ពីការធ្លាក់ចុះនៃការប្តេជ្ញាចិត្ត របស់ប្រទេសមួយចំនួន ក្នុងការពង្រឹងពហុភាគីនិយម ហើយប្រទេសខ្លះទៀត បានងាកចេញពីការស្វែងរក ដំណោះស្រាយពហុភាគី ៕ ដោយ៖ ខា ដា

To Top