ព័ត៌មានជាតិ

គ្រូពេទ្យជនជាតិខ្មែរម្នាក់ បម្រើការនៅមន្ទីរពេទ្យវៀតណាម ត្រូវបានរាយការណ៍ថា ដាក់ឲ្យនៅដាច់ដោយឡែក ក្រោយព្យាបាល អ្នកផ្ទុកវីរុសកូវីដ-១៩

ភ្នំពេញ៖ នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះថា នាពេលនេះ មានគ្រូពេទ្យជាជនជាតិខ្មែរម្នាក់ បម្រើការនៅមន្ទីរពេទ្យវៀតណាម ត្រូវបានគេដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ ក្រោយពេលដែលគ្រូពេទ្យជនជាតិខ្មែររូបនេះ បានព្យាបាលអ្នកជំងឺ ដែលបានបញ្ជាក់ថា មានវិជ្ជមាន Covid-19 ។

យោងតាមការឲ្យដឹង ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅលើបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា “មានការផ្សព្វផ្សាយ តាមបណ្តាញសង្គម អំពីគ្រូពេទ្យខ្មែរម្នាក់ បានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយ នៅទីក្រុងហាណូយ តាមពត៌មាន ដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “ បកប្រែខ្មែរ: គាត់ជាវេជ្ជបណ្ឌិតខ្មែរ បំរើការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេស ខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាល អ្នកជំងឺ ដែលបានបញ្ជាក់ថា មានវិជ្ជមាន COVID-19 គាត់តំរូវឲ្យដាក់ដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥” ។

សូមរំលឹកថា គិតត្រឹម ម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៩ មីនា ២០២០ ប្រទេសកម្ពុជាបានរកឃើញ ករណីជំងឺCOVID-19 សរុបចំនួន២ករណី

  • ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
  • ១ ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
  • អ្នកប៉ះផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន និងជនជាតិខ្មែរ អវិជ្ជមានទាំងអស់ តែត្រូវបន្តតាមដាន បង្រ្គប់១៤ថ្ងៃ
  • សេចក្តីសន្និដ្ឋានរួម របស់មន្រ្តីជំនាញអង្គការ សុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា មិនទាន់រកឃើញភស្តុតាង បញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍ នៅឡើយទេ ។ ដោយឡែកនៅទូទាំងប្រទេស បានធ្វើតេស្ត សរុបទាំងអស់ចំនួន ៤៦២ករណី ៕

ដោយ៖ ដារ៉ាត់

To Top