ព័ត៌មានជាតិ

ទីក្រុងសេអ៊ូល កំពុងតែពិចារណា ការជាប់ពាក់ព័ន្ធគ្នា រវាងការតេស្ត មីស៊ីលកូរ៉េខាងជើង និងសេចក្តីថ្លែង ការណ៍អឺរ៉ុប

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តី រាយការណ៍ មិនបដិសេធនោះទេ អំពីការជាប់ទាក់ទងគ្នា រវាងការបាញ់តេស្ត សាកល្បងមីស៊ីល វាយប្រហារ ក្នុងចម្ងាយខ្លីចំនួន៣គ្រាប់ របស់កូរ៉េខាងជើង និងសេចក្តីថ្លែងការណ៍ ជាអន្តរជាតិ ដែលថ្កោលទោសការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង។

មន្ត្រីវិមានខៀវ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ការបាញ់តេស្ត អាវុធកូរ៉េខាងជើង ដែលហោះបានចម្ងាយ ប្រហែល១២៥ម៉ាយនោះ គឺត្រូវបានធ្វើឡើង ក្រោយព្រឹត្តិការណ៍ចំនួនពីរ គឺកិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងសេចក្តីថ្លែងការណ៍រួមគ្នាពីបណ្ដាប្រទេសអឺរ៉ុប ដែលថ្កោលទោសការ តេស្តអាវុធកូរ៉េខាងជើងពីមុន កាលពីថ្ងៃទី០២ ខែមីនា។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសសមាជិកអឺរ៉ុបចំនួន៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានធ្វើការថ្កោលទោស លើសកម្មភាពបង្កហេតុ របស់ប្រទេសកូរ៉េខាងជើង ទន្ទឹមគ្នានឹងការនិយាយថា ការបាញ់តេស្តនោះ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top